ទិដ្ឋភាពនៃកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកចំហរ ADSOM+។ (រូបថត៖ TTXVN) |
ឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមចូលរួមសន្និសីទនេះ។
ក្នុងសុន្ទរកថានៅឯសន្និសីទ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃថា ក្រៅពីបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណីដែលកំពុងកើតមានឡើង បញ្ហាសន្តិសុខប្រពៃណីបាននិងកំពុងមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ។ ក្នុងបរិបទនោះ វៀត ណាមតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនង; ទន្ទឹមនឹងនោះ លោកបានបង្ហាញពីបំណងចង់ឱ្យបណ្តាប្រទេសដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ដោយ ឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងគោលការណ៍ជាមូលដ្ឋានរបស់អាស៊ានផងដែរ។
ដោយសង្កត់ធ្ងន់ថា សន្តិសុខ សុវត្ថិភាពដែនសមុទ្រ និងអាកាសចរណ៍នៅសមុទ្រខាងកើត គឺជាបញ្ហាសំខាន់សម្រាប់ប្រទេសក្នុងតំបន់ និងសហគមន៍អាស៊ានទាំងមូល ឧត្តមសេនីយ៍ឯក Hoang Xuan Chien បានលើកច្បាស់ថា ការអនុលោមតាមសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកប ដោយប្រសិទ្ធភាពនិងជាក់ស្ដែងគឺជាបញ្ហាចាំបាច់នាពេលបច្ចុប្បន្ន។ ប្រធានគណៈ ប្រតិភូវៀតណាមបានអះអាងថា វៀតណាមជានិច្ចកាលដោះស្រាយជម្លោះលើសមុទ្រដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)ផងដែរ៕