សា្ថនភាពនៃជំងឺរាតត្បាតកូវីដ១៩ (COVID-19) នៅលើពិភពលោក

Chia sẻ
(VOVWORLD) - អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថាចំនួនអ្នកឆ្លងវីរុស SARS-CoV-2 នៅទូទាំងពិភពលោកបានឈានដល់ជិត ១៧០.០០០ នាក់ ហើយ មានអ្នកស្លាប់ចំនួន ៦.៥១៥ នាក់ផងដែរ។ ជំងឺរាត្បាតកូវីដ១៩បានឆ្លងរាលដាលទៅកាន់ប្រទេសនិងដែនដីចំនួន ១៥៧ ។

ប្រទេសចំនួន២ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ១៩ នៅអឺរ៉ុបគឺប្រទេសអ៊ីតាលីនិងអេស្ប៉ាញ ដោយបន្តកត់ត្រាករណីស្លាប់និងឆ្លងថ្មីជាច្រើនក្នុងថ្ងៃទី ១៥ ខែមីនា ដែលក្នុងនោះប្រទេសអ៊ីតាលីមានអ្នកជំងឺ ៣៦៨ នាក់ត្រូវបានស្លាប់ និងអ្នកឆ្លងថ្មីជិត ៣.០០០ នាក់។រីឯនៅប្រទេសអេស្ប៉ាញវិញ បន្ទាប់ពីការហ៊ុំព័ទ្ធ     ទូទាំងប្រទេស ចំនួនអ្នកស្លាប់នៅប្រទេសនេះ បានកើនឡើងជិតទ្វេដងដោយកើនឡើងដល់ ២៨៨ នាក់ ហើយករណីឆ្លងថ្មីក៏កើនឡើងដល់ ៧.៧៥៣ ករណីផងដែរ។

ទន្ទឹមនឹងនេះ អ្នកជំនាញវេជ្ជសាស្រ្តជួរមុខគេនៅអង់គ្លេស ទទួលស្គាល់ថាវាទំនងជាជំងឺកូវីដ១៩ អាចរាតត្បាតរហូតដល់ ១២ ខែនៅក្នុងប្រទេសនេះ ពោលគឺដល់និទាឃរដូវឆ្នាំ ២០២១ ។ មន្ត្រីសុខាភិបាលអង់គ្លេសប៉ាន់ស្មានថា ៨០% នៃចំនួនប្រជាជនអង់គ្លេស នឹងឆ្លងជំងឺកូវីដ១៩។ គិតត្រឹមដំណាច់ថ្ងៃទី ១៥ មីនា អង់គ្លេសមានអ្នកជំងឺឆ្លងចំនួន ១.៣៩១ នាក់ ហើយអ្នកស្លាប់ចំនួន ៣៥ នាក់។

គិតត្រឹមរសៀលថ្ងៃទី ១៥ ខែមីនា ប្រទេសបារាំងមានករណីវិជ្ជមានចំពោះវីរុស Sars-CoV-2 ចំនួន ៥.៤២៣ ករណី ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ១២៧ នាក់។ នេះនៅតែបន្តជាតួរលេខកំណត់ត្រាថ្មីសម្រាប់ប្រទេសបារាំងចាប់តាំងពីរយៈពេលដំបូងនៃចាប់ផ្តើមឆ្លងរាលដាលជំងឺនេះតែម្តង។

រីឯប្រទេសអាឡឺម៉ង់វិញ នាថ្ងៃទី ១៥ ខែមីនា ប្រទេសនេះបានបិទព្រំដែនជាមួយប្រទេសបារាំង ស្វីស ដាណឺម៉ាក អូទ្រីស និង Luxemburg ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្នុងបរិបទដែលចំនួនករណីឆ្លងជំងឺនៅប្រទេសនេះបានកើនឡើងដល់ជិត ៥.០០០ នាក់ និងមានអ្នកស្លាប់ចំនួន ១០ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ