លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងលេខាទីមួយ ប្រធានរដ្ឋគុយបា
លោក Miguel Díaz-Canel Bermúdez។ (រូបថត៖ VNA) |
សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា ទទួលសេចក្ដីអញ្ជើញរបស់លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Díaz-Canel Bermúdez និងលោកជំទាវ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក To Lam និងលោកជំទាវបានអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋគុយបាពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤។ ក្នុងដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានជួបពិភាក្សាការងារជាមួយលេខាទីមួយ ប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel Bermúdez; ជួបសវនាការជាមួយប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សារដ្ឋគុយបាលោក Esteban Lazo Hérnandez និងនាយករដ្ឋមន្ត្រីគុយបាលោក Manuel Marrero Cruz។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ក៏បានជួបសម្ដែងការគួរសមជាមួយអគ្គមគ្គុទេសបដិវត្តគុយបា លោកនាយឧត្តមសេនីយ៍ Raúl Castro Ruz ផងដែរ។
ក្នុងជំនួបពិភាក្សា និងជំនួបសវនាការទាំងនេះ ថ្នាក់ដឹកនាំវៀតណាម និងគុយបាបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅគុយបារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ទៅកាន់ប្រទេសគុយបា។ ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលនាំទំនាក់ទំនងវៀតណាម-គុយបាឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍដ៏ពិតប្រាកដ ប្រកបដោយចីរភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសង្គមនិយម ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និមួយៗនិងលើពិភពលោក។
ភាគីទាំងពីរបានឯកភាពជំរុញសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; សង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងបក្សទាំងពីរ ដើរតួនាទីជាមូលដ្ឋានគ្រឹះនយោបាយ និងទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរក៏បានឯកភាពលើសារៈសំខាន់នៃការជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងខេត្ត គណៈកម្មាធិការបក្សទីក្រុង មូលដ្ឋាន និងទីភ្នាក់ងារជំនាញនៃប្រទេសទាំងពីរផងដែរ។
ទិដ្ឋភាពជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំទាំងពីរ។ (រូបថត៖ VNA) |
ភាគីទាំងពីរបានប្រកាសឆ្នាំ ២០២៥ ជា “ឆ្នាំមិត្តភាពវៀតណាម - គុយបា” ដោយឯកភាពសម្របសម្រួលគ្នាក្នុងការរៀបចំសកម្មភាពជាក់ស្តែង ដើម្បីអបអរសាទរខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៦០ - ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥)។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពស្រដៀងគ្នាទាំងស្រុងក្នុងបញ្ហាអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា; ឯកភាពគ្នាចាត់ទុកថា ជម្លោះអន្តរជាតិចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានទទួលស្គាល់តួនាទីរបស់សហគមន៍រដ្ឋអាមេរិកឡាទីន និងការាបៀន (CELAC) សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា-អាមេរិកឡាទីន (FEALAC) ក្នុងការជំរុញទំនាក់ទំនងមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែក ការសន្តោសប្រណី និងការរួមរស់ដោយសន្តិភាព ដូចមានចែងក្នុងសេចក្តីប្រកាសអាមេរិកឡាទីននិងការីបៀន ជាតំបន់សន្តិភាព៕