សេចក្តីថ្លែងការណ៍រួមវៀតណាម - ឡាវ

Chia sẻ

(VOVWORLD) - បញ្ចប់ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសវៀតណាមរបស់អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្ត ឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោក Thongloun Sisoulith និងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋឡាវចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ ហើយនៅថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០២១ ប្រទេសទាំងពីរវៀតណាមនិងឡាវបានចេញសេចក្តីថ្លែងការណ៍រួម។

សេចក្តីថ្លែងការណ៍រួមវៀតណាម - ឡាវ  - ảnh 1ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ

សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថាក្នុងដំណើរទស្សនកិច្ចនេះ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានជួបពិភាក្សាការងារជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong, ជួបជាមួយលោកប្រធានរដ្ឋ Nguyen Xuan Phuc, នាយករដ្ឋមន្រ្តីលោក Pham Minh Chinh, ប្រធានរដ្ឋសភាលោក Vuong Dinh Hue; សួរសុខទុក្ខនិងសំណេះសំណាលជាមួយកម្មាភិបាលនិងសិក្ខាកាមនៃបណ្ឌិត្យសភានយោបាយជាតិហូជីមិញ; ទទួលជួបជាមួយ គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម សមាគមមិត្តភាពវៀតណាម - ឡាវ គណៈកម្មាធិការទំនាក់ទំនងនៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមប្រចាំនៅឡាវ ដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីរជន យុទ្ធជនពលី និងវិមានតំកល់សពលោកប្រធានហូជីមិញ។

សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថាភាគីទាំងពីរបានអះអាងពីទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពដ៏ពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវគឺជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជននៃប្រទេសទាំងពីរ ដែលជាកត្តាធានានូវ ការអភិវឌ្ឍនៃប្រទេសទាំងពីរ។ បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរមានការទទួលខុសត្រូវរួមគ្នាក្នុងការថែរក្សានិងពង្រឹងនូវចំណងមិត្តភាពសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវដែលកំពុងរីកចម្រើនយ៉ាងស៊ីជម្រៅលើគ្រប់វិស័យ។

ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរព័ត៌មានឱ្យបានទាន់ពេលវេលាការ ពិគ្រោះយោបល់ សម្របសម្រួលយ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាពនៅវេទិកាអន្តរជាតិនិងតំបន់ ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) យន្តការដែលដឹកនាំដោយអាស៊ាន អង្គការសហប្រជាជាតិ យន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ អង្គការពាណិជ្ជកម្មពិភពលោក។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សាសន្តិភាពស្ថិរភាពធានាសន្តិសុខសុវត្ថិភាពនិងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅលើសមុទ្រខាងកើត។ ដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិក្នុងនោះមាន អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS ១៩៨២) រួមជាមួយភាគីពាក់ព័ន្ធនានាដើម្បីលើកកម្ពស់ការអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្ដិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្រេចបាន ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងស្របតាមច្បាប់អន្តរជាតិក្នុងនោះមាន UNCLOS ១៩៨២ ផងដែរ៕

ប្រតិកម្មទៅវិញ