សង្រ្គាមនៅមជ្ឈិមបូព៌ានៅតែបន្តភាពតានតឹង ដោយមិនអើពើដល់ការអំពាវនាវឲ្យមានបទឈប់បាញ់របស់សហគមន៍អន្តរជាតិ

Chia sẻ

(VOVWORLD) - ទោះបីជាមានការអំពាវនាវពី សហគមន៍អន្តរជាតិឱ្យមានការឈប់បាញ់ក៏ដោយ ការប្រយុទ្ធគ្នានៅតែបន្តកើនឡើង រវាងកងទ័ពអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាសនៅតំបន់ហ្គាហ្សា  និងភាគខាងត្បូងអ៊ីស្រាអែល។

សង្រ្គាមនៅមជ្ឈិមបូព៌ានៅតែបន្តភាពតានតឹង ដោយមិនអើពើដល់ការអំពាវនាវឲ្យមានបទឈប់បាញ់របស់សហគមន៍អន្តរជាតិ - ảnh 1ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ត្រូវស្វែងរកទីជម្រកនៅសាលា UNRWA - (រូបថត៖ Skynew)

នារសៀលថ្ងៃទី ៩ តុលា កងទ័ពអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានគ្រប់គ្រងស្ថានការណ៍នៅក្នុងសហគមន៍ជាច្រើនក្នុងទឹកដីភាគខាងត្បូងក្បែរតំបន់ហ្គាហ្សា។ អ្នកនាំពាក្យយោធាលោក Daniel Hagari ក៏បានឲ្យដឹងថា អ៊ីស្រាអែលបានជម្លៀសអ្នកស្រុកនៅព្រំដែនជាមួយតំបន់ហ្គាហ្សា។

ជាមួយគ្នានោះ កងទ័ពអាកាសអ៊ីស្រាអែលបានបន្តធ្វើការទម្លាក់គ្រាប់បែកបន្ថែមទៀតលើគោលដៅរបស់ក្រុមហាម៉ាស់ ដោយដាក់ពង្រាយកងទ័ពជាមួយនឹងរថក្រោះរាប់សិបគ្រឿង រថពាសដែក កាំភ្លើងធំធុនធ្ងន់... តាមបណ្តោយព្រំដែនជាមួយតំបន់ហ្គាហ្សា។

កាលពីយប់មិញផងដែរ ការផ្គត់ផ្គង់ទឹកទៅកាន់តំបន់ហ្គាហ្សា  ត្រូវបានកាត់ផ្តាច់ទាំងស្រុង។ មុននោះ អាជ្ញាធរអ៊ីស្រាអែលក៏បានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល និងបិទផ្លូវចេញចូលទឹកដីនេះទាំងស្រុង។ នៅក្នុងបទថ្លែងមតិកាលពីយប់មិញ ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់ កុំឱ្យកើតឡើងចំពោះជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។

ចំណែកសហគមន៍អន្តរជាតិវិញ កាលពីម្សិលមិញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអំពាវនាវឲ្យបញ្ចប់ការប្រយុទ្ធភ្លាមៗ រវាងកងកម្លាំងសន្តិសុខអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាស។ ប្រធានាធិបតីអេហ្ស៊ីប Abdel-Fattah al-Sisi និងសមភាគីអារ៉ាប់រួម (UAE)   Sheikh Mohamed bin Zayed Al Nahyan កាលពីម្សិលមិញបានព្រមព្រៀងគ្នាតាមទូរស័ព្ទដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងការទូតដើម្បីទប់ស្កាត់អំពើហិង្សាដែលកើនឡើងជាលំដាប់។ នាថ្ងៃដដែល ស្នងការអឺរ៉ុបទទួលបន្ទុកគ្រប់គ្រងវិបត្តិ Janez Lenarcic បានបញ្ជាក់ថា ជំនួយមនុស្សធម៌របស់សហភាពអឺរ៉ុប (EU) ដល់ប៉ាឡេស្ទីននឹងបន្ត។ ទន្ទឹមនឹងនេះ ប្រទេសជាច្រើននៅតែបន្តជម្លៀសពលរដ្ឋនៅតំបន់ហ្គាហ្សា៕

ប្រតិកម្មទៅវិញ