វេទិកាអនាគតអាស៊ានឆ្នាំ ២០២៤៖ បង្កើតផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់អាស៊ាន

Chia sẻ

(VOVWORLD) - វគ្គពិភាក្សានៅវេទិកានេះនឹងផ្តោតលើប្រធានបទដូចជា៖ ការធ្វើបរិវត្តកម្ម ឌីជីថល កំណើនបៃតងនិងបរិយាប័ន្ន ផលប៉ះពាល់លើសន្តិសុខមនុស្សនៃបច្ចេកវិទ្យាថ្មីៗដូចជា បញ្ញាសិប្បនិមិត្ត អ៊ីនធឺណែតតភ្ជាប់វត្ថុទាំងអស់ និង blockchain។ 

វេទិកាអនាគតអាស៊ានឆ្នាំ ២០២៤ ក្រោមប្រធានបទ "កសាងសហគមន៍អាស៊ាន អភិវឌ្ឍប្រកបដោយឆាប់រហ័ស ប្រកបដោយនិរន្តរភាព និងផ្តោតលើប្រជាជន" នឹងប្រព្រឹត្តទៅនាថ្ងៃទី ២៣ មេសា នៅទីក្រុងហាណូយ ដោយមានការចូលរួមពីថ្នាក់ ដឹកនាំរដ្ឋាភិបាល អ្នកតាក់តែងគោលនយោបាយ អ្នកជំនាញ អ្នកប្រាជ្ញ និងតំណាងនៃ សហគមន៍ធុរកិច្ច មកពីប្រទេសសមាជិកអាស៊ាន រួមជាមួយដៃគូនិងមិត្តភក្តិអន្តរជាតិ។ នេះជាគំនិតផ្តួចផ្តើមដែលស្នើឡើងដោយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ នៅប្រទេសឥណ្ឌូនេស៊ី (ខែកញ្ញា ឆ្នាំ ២០២៣)។
ក្នុងសន្និសីទសារព័ត៌មានអន្តរជាតិដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១ មេសា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Do Hung Viet បានឲ្យដឹងថា៖ “យើងសង្ឃឹមថា ពីវេទិកានេះនឹងមានគំនិតច្នៃប្រឌិតថ្មីៗជាច្រើន ដើម្បីអាច ចូលរួមចំណែកក្នុងដំណើរការផ្លាស់ប្តូរ និងពិភាក្សាជាផ្លូវការក្នុងក្របខណ្ឌអាស៊ាន ក៏ដូចជារវាងអាស៊ាន និងប្រទេសជាដៃគូ។ ជាមួយនឹងវេទិកាបើកចំហដូចវេទិកា អនាគតអាស៊ាន ដែលមានគោលដៅច្បាស់លាស់នោះគឺឆ្ពោះទៅអនាគត យើងរំពឹង ថា នឹងមានគំនិតថ្មីៗជាច្រើនដើម្បីឲ្យអាស៊ានអាចកំណត់រូបរាងអនាគតរបស់ខ្លួននា ពេលខាងមុខ តាមរបៀបដ៏មានប្រសិទ្ធភាពបំផុត ឆ្លើយតបនឹងផលប្រយោជន៍ នៃ ប្រទេសសមាជិកអាស៊ាននីមួយៗ ក៏ដូចជាប្រជាជនអាស៊ានផងដែរ”។
វគ្គពិភាក្សានៅវេទិកានេះនឹងផ្តោតលើប្រធានបទដូចជា៖ ការធ្វើបរិវត្តកម្ម ឌីជីថល កំណើនបៃតងនិងបរិយាប័ន្ន ផលប៉ះពាល់លើសន្តិសុខមនុស្សនៃបច្ចេក វិទ្យាថ្មីៗដូចជា បញ្ញាសិប្បនិមិត្ត អ៊ីនធឺណែតតភ្ជាប់វត្ថុទាំងអស់ និង blockchain។ ជាពិសេសក្នុងក្របខ័ណ្ឌនៃវេទិកានេះ អគ្គលេខាធិការអាស៊ាននឹងមានការសន្ទនាជា មួយតំណាងយុវជនមកពីប្រទេសវៀតណាម និងបណ្តាប្រទេសសមាជិកអាស៊ានផ្សេង ទៀត ដោយសង្កត់ធ្ងន់លើសារៈសំខាន់របស់ជំនាន់វ័យក្មេងក្នុងការជំរុញការអភិវឌ្ឍ សហគមន៍អាស៊ាន៕

ប្រតិកម្មទៅវិញ