វេទិកា Boao (BFA) ២០២១ (រូបថត៖ TTXVN) |
ក្នុងរបាយការស្ដីពីយថាទស្សន៍សេដ្ឋកិច្ចអាស៊ីនោះ BFA បានដកស្រង់ ទិន្នន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដោយបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចនៅអាស៊ីក្នុងឆ្នាំ ២០២១ អាចសម្រចបានយ៉ាងហោចណាស់ ៦,៥%។ នេះគឺជាតួរលេខគួរឲ្យកត់សម្គាល់បើប្រៀបធៀបនឹងការធ្លាក់ចុះ ១,៧% កាលពីឆ្នាំមុន។ យោងតាម BFA ក្នុងឆ្នាំនេះតំបន់អាស៊ីខាងត្បូងនឹងទទួលបានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅទ្វីបអាស៊ីសម្រេចបាន ៩,៧% ខណៈតំបន់អាស៊ីបូព៌ានឹងសម្រេចបានកំណើន ៦,៥% ។ បណ្ដាវិធានការណ៍ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាពក៏ដូចជាការស្តារឡើងវិញនូវប្រតិបត្តិការផលិតកម្មនៅចិននិងកូរ៉េខាងត្បូងគឺជាកត្តាសំខាន់ដែលនាំឱ្យមានយថាទស្សន៍កំណើនសេដ្ឋកិច្ចវិជ្ជមានរបស់អាស៊ីក្នុងឆ្នាំនេះផងដែរ។ ទន្ទឹមនឹងនេះរបាយការណ៍ស្តីពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ BFA បានវាយតម្លៃថានៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ ១៩ នោះ បណ្តាប្រទេសនៅអាស៊ីបានពង្រឹងប្រព័ន្ធថែរក្សាសុខភាព រក្សាខ្សែសង្វាក់ផ្គត់ផ្គង់សកលប្រកបដោយស្ថិរភាព និងនាំមុខគេក្នុងការស្ដារពាណិជ្ជកម្ម និងវិនិយោគផងដែរ៕