វៀតណាមស្រាវជ្រាវបទប្បញ្ញត្តិស្តីពីក្រមសីលធម៌ AI

Chia sẻ
(VOVWORLD) - វៀតណាមកំពុងកសាងបទប្បញ្ញត្តិដើម្បីអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយក្រមសីលធម៌ និងមានការទទួលខុសត្រូវ។

អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍ និងការប្រើប្រាស់បញ្ញាសិប្បនិមិត្តប្រកបដោយមានការទទួលខុសត្រូវ៖ ទ្រឹស្តី និងការអនុវត្ត” ដែលប្រព្រឹត្តទៅនាថ្ងៃទី ២៨ ខែកុម្ភៈ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Bui The Duy បានឲ្យដឹងថា ផ្អែកលើបទពិសោធន៍នៅតាមប្រទេសជាច្រើន និងគោលការណ៍របស់អង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) វៀតណាមកំពុងកសាងបទប្បញ្ញត្តិដើម្បីអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយក្រមសីលធម៌ និងមានការទទួលខុសត្រូវ។ យោងតាមអនុរដ្ឋមន្ត្រីបានឲ្យដឹងថា ក្រមសីលធម៌ AI ជះឥទ្ធិពលដល់ទិដ្ឋភាពគ្រប់ជ្រុងជ្រោយនៃជីវភាពរស់នៅដូចជា៖ សង្គម គតិយុត្តិ ការប្រកួតប្រជែងនយោបាយ និងការប្រកួតប្រជែងពាណិជ្ជកម្ម ហើយនៅក្នុងតថភាពជាក់ស្ដែងរបស់វៀតណាម ដំណើរការនេះតម្រូវឱ្យមានកិច្ចសហការរបស់វិស្វករ អ្នកវិទ្យាសាស្ត្រ និងស្ថាប័នគ្រប់គ្រងដូចជា៖ ក្រសួង វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ ក្រសួងនគរបាល។ លើសពីនេះ ចាំបាច់ត្រូវធានាគោលការណ៍សំខាន់ៗមួយចំនួនស្ដីពីក្រមសីលធម៌ AI ដូចជា៖ សុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន ការគោរពសិទ្ធិអ្នកនិពន្ធ សិទ្ធិកម្មសិទ្ធិបញ្ញា លើកកម្ពស់ផលិតភាពការងារ ប៉ុន្តែចាំបាច់ត្រូវការពារបរិស្ថាន សន្តិសុខសង្គម។

ក្នុងសិក្សាសាលានេះ អ្នកជំនាញបានឲ្យដឹងថា វៀតណាមកំពុងតាមដានការអនុវត្តបទប្បញ្ញត្តិស្តីពីការអភិវឌ្ឍ AI ប្រកបដោយទំនួលខុសត្រូវនៅតាមប្រទេស និងតំបន់ជាច្រើននៅលើពិភពលោក ដើម្បីស្រាវជ្រាវ និងកសាងក្របខ័ណ្ឌគតិយុត្តសមស្របនឹងតឋភាពជាក់ស្ដែងក្នុងប្រទេស៕

ប្រតិកម្មទៅវិញ