ទិដ្ឋភាពនៅពិធីសម្ពោធ។ (រូបថត៖ VNA) |
នាថ្ងៃទី២០ ខែមិថុនា នៅភូមិ Thanh Tay ឃុំ Loc Tan ស្រុក Loc Ninh ខេត្ត Binh Phuoc បានប្រារព្ធពិធីសម្ពោធបណ្ដុំសំណង់អនុស្សាវរីយ៍ក្នុងឱកាសខួបគម្រប់៤៤ឆ្នាំនៃដំណើរតស៊ូឆ្ពោះទៅរកការសង្គ្រោះប្រទេសជាតិរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ អញ្ជើញចូលរួមពិធីនេះមានវត្តមានលោកឧត្តមសេនីយ៍ឯក Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា។
កាលពី៤៤ឆ្នាំមុន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន ដែលសព្វថ្ងៃជាប្រធានគណៈបក្សប្រជាជនកម្ពុជា (CPP) នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រុមយុទ្ធមិត្ត បន្ទាប់ពីឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមបានសម្រេចចិត្តស្វែងរកការគាំទ្ររបស់វៀតណាមដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ដោយមានការជួយគាំទ្ររបស់បក្ស រដ្ឋនិងប្រជាជនវៀតណាម លោក ហ៊ុន សែននិងយុទ្ធមិត្តបានបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយរួមជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមផ្ដួលរំលំទាំងស្រុង របបប្រល័យពូជសាសន៍ប៉ុល ពតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សង្គ្រោះប្រជាជនកម្ពុជារាប់លាននាក់ឲ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍។
គួរជម្រាបបន្ថែមទៀតថា បណ្ដុំសំណង់អនុស្សាវរីយ៍ខាងលើរួមមាន៖ សិលាអនុស្សាវរីយ៍នៅតំបន់ X-១៦; កន្លែងលាក់អាវុធ; កន្លែងជួបជាមួយកងជីវពលវៀតណាម; អគារតាំងបង្ហាញរូបថត វត្ថុដែលពាក់ព័ន្ធដល់ដំណើរសង្គ្រោះជាតិរបស់សម្ដេចតេជោ ហ៊ុន សែន។ ល។ នេះនឹងជាកន្លែងដើម្បីប្រជាជនមកទស្សនា ស្វែងយល់ប្រវត្តិសាស្ត្រ ដែលចូលរួមចំណែកឃោសនា អប់រំជំនាន់វ័យក្មេងនិងប្រជាជនកម្ពុជាឲ្យមានការយល់ដឹងច្បាស់ថែមទៀតអំពីគុណូបការៈរបស់ជំនាន់មុនៗក្នុងបុព្វហេតុតស៊ូស្វែងរកមាគ៌ាសង្គ្រោះជាតិ ផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុត ពត ក៏ដូចជាស្មារតីអន្តរជាតិដ៏ស្អាតស្អំបរិសុទ្ធរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមផងដែរ៕