វៀតណាមបញ្ជាក់ថា ការដោះស្រាយដលឬសគល់នៃជម្លោះគឺជាគន្លឹះក្នុងការកសាងប្រទេសជាតិប្រកបដោយសន្តិភាពនិងនិរន្តរភាព

Chia sẻ

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី ១២ ខែតុលាបានបើកកិច្ចពិភាក្សាដោយបើកចំហលើប្រធាន បទ “ភាពសម្បូរបែប ការកសាងប្រទេសជាតិនិងការស្វែងរកសន្តិភាព” ដើម្បីផ្លាស់ប្តូរបទពិសោធន៍និងវិធានការណ៍កសាងនិងថែរក្សាសន្តិភាពប្រកបដោយនិរន្តរភាព ដោយផ្តោតលើបញ្ហាជាតិសាសន៍ សាសនានិងអត្តសញ្ញាណ។

ថ្លែងនៅក្នុងកិច្ចពិភាក្សា ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា បណ្តាប្រទេសនានា ត្រូវដោះស្រាយដល់ឬសគល់រាល់ជម្លោះឱ្យបានឆាប់បំផុត ដូចជា ភាពក្រីក្រ វិសមភាព ការមិនអត់ឱន ការរើសអើង និងការញុះញង់ឱ្យមានអំពើហឹង្សា។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ការធានាឱ្យមានអភិបាលកិច្ចប្រកបដោយតម្លាភាព ការទទួលខុសត្រូវ នីតិរដ្ឋនិងការលើកកម្ពស់វប្បធម៌សន្តិភាព គឺដើរតួនាទីយ៉ាងសំខាន់នៅក្នុងដំណើរការនេះ។ យ៉ាងណាមិញ ប្រទេសនានាក៏ត្រូវការយុទ្ធសាស្ត្រការពាររយៈពេលខ្លីនិងរយៈពេលវែងផងដែរ ទាំងផ្នែកនយោបាយ ការទូត មនុស្សធម៌ការអភិវឌ្ឍរួមទាំងរបៀបរបប។ អង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិ គួរតែផ្តល់ការគាំទ្រក្នុងការកសាងសមត្ថភាពដើម្បីរាំងស្កាត់ជម្លោះ។

ទាក់ទងនឹងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានស្នើថា បេសកកម្មអង្គការសហប្រជាជាតិ ក្រុមអង្គការសហប្រជាជាតិនៅថ្នាក់ជាតិ អង្គការតំបន់និងដៃគូអភិវឌ្ឍន៍ចាំបាច់ត្រូវពង្រឹងការសម្របសម្រួលជាមួយគ្នា។ នៅក្នុងដំណើរការនេះ ភាគីនានាគួរគោរពតាមគោលការណ៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង បូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់បណ្តាប្រទេស ដោយអនុលោមតាមគោលការណ៍ធម្មនុញ្ញអង្គការ សហប្រជាជាតិនិងច្បាប់អន្តរជាតិ។ ក្នុងនាមជាប្រទេសពហុសាសនានិងពហុជនជាតិ វៀតណាមតែងតែចាត់ទុកភាពសម្បូរបែប ជាប្រភពនៃកម្លាំងពលំសម្រាប់ស្ថិរភាពនិងការអភិវឌ្ឍរបស់ប្រទេសខ្លួន ដោយឆ្លងកាត់តាមរយៈសម័យប្រវត្តិសាស្ត្រជាច្រើន៕

ប្រតិកម្មទៅវិញ