វៀតណាមនឹងរួមវិភាគទានយ៉ាងសកម្មដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី​លើកទី ១៩

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៩ មិនា ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចូលរួមសម័យសន្ទនាជាមួយអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លោកស្រី Louise Mushikiwabo។

សម័យសន្ទនានេះត្រូវបានរៀបចំឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក (អាមេរិក) ក្រោមអធិបតីភាពរបស់ក្រុមឯកអគ្គរដ្ឋទូតហ្វ្រង់កូហ្វូនី ក្នុងឱកាសលោកស្រី Louise Mushikiwabo ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីឋានៈរបស់ស្ត្រី និងឆ្ពោះទៅរកការរំលឹកទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ទី ២០ ខែមីនាជារៀងរាល់ឆ្នាំ។ ចូលរួមក្នុងសម័យសន្ទនានេះ មានឯកអគ្គរដ្ឋទូត និងតំណាងបេសកកម្មអចិន្ត្រៃយ៍នៃបណ្តាប្រទេសជាសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីជាង ៤០រូប។

វៀតណាមនឹងរួមវិភាគទានយ៉ាងសកម្មដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី​លើកទី ១៩ - ảnh 1ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ រូបថត៖ Hoai Thanh/TTXVN

ថ្លែងមតិក្នុងសម័យសន្ទនា ឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់ថា វៀតណាមវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនិងលោកស្រីអគ្គលេខាធិការ ក្នុងការជំរុញពហុភាគីនិយមនិងពហុភាសានៅអង្គការសហប្រជាជាតិ; គាំទ្របណ្តាប្រទេសហ្វ្រង់កូហ្វូនីចែករំលែកនិងសម្របសម្រួលគ្នាទៅវិញទៅមក ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងដំណើរការរៀបចំសម្រាប់កិច្ចប្រជុំកំពូលនាពេលអនាគត និងកិច្ចព្រមព្រៀងឌីជីថលសកល ក៏ដូចជាដំណើរការពិភាក្សាផ្សេងទៀតនៅអង្គការសហប្រជាជាតិ។ ឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា វៀតណាមនឹងរួមចំណែកយ៉ាងសកម្មក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ១៩ នាពេលខាងមុខ។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ១៩ នឹងប្រព្រឹត្តទៅនៅប្រទេសបារាំងក្នុងខែតុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ "ច្នៃប្រឌិត នវានុវត្តន៍និងធ្វើអាជីវកម្មជាភាសាបារាំង"៕

ប្រតិកម្មទៅវិញ