អញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មាន ប្រធានាធិបតីប៉េរូ លោកស្រី Dina Ercilia Boluarte Zegarra បានអះអាងថា ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមក ប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការយល់ដឹងគ្នាទៅវិញទៅមកជាជំហានៗ ដោយឈរលើមូលដ្ឋាននៃការស្រុះចិត្តគំនិតគ្នាក្នុងបញ្ហាជាច្រើន ទាំងទ្វេភាគីនិងពហុភាគី ហើយមកទល់ពេលនេះប្រទេសទាំងពីរបានក្លាយទៅជាដៃគូសំខាន់របស់គ្នាទៅវិញទៅមក។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរមានការផ្លាស់ប្តូរដ៏សំខាន់និងមានប្រសិទ្ធភាព ដោយលើកឡើងពីប្រធានបទជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ មេដឹកនាំទាំងពីរក៏បានជួបសន្ទនាដោយបើកចំហ សំដៅស្វែងរកទិសដៅសហប្រតិបត្តិការថ្មីដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងប្រធានាធិបតីប៉េរូ លោកស្រី Dina Ercilia Boluarte Zegarra បានជួបប្រាស្រ័យជាមួយសារព័ត៌មាននៃប្រទេសទាំងពីរ។ រូបថត៖ VOV |
រីឯខ្លួនវិញ ប្រធានរដ្ឋវៀតណាម លោក លឿង គឿងបានឲ្យដឹងថា៖ លោកបានរួមជាមួយប្រធានាធិបតី Dina Ercilia Boluarte Zegarra ចែករំលែកការវាយតម្លៃវិជ្ជមានអំពីកម្រិតនិងសន្ទុះអភិវឌ្ឍន៍នៃទំនាក់ទំនងវៀតណាម-ប៉េរូនាពេលកន្លងទៅ ដោយបានចាត់ទុកថា ភាគីទាំងពីរត្រូវការនិងអាចធ្វើបានច្រើនថែមទៀត ព្រោះនៅមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទាំងលើវិស័យប្រពៃណីដូចជា ប្រេងឧស្ម័ន ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម រហូតដល់វិស័យថ្មីៗដូចជា បរិវត្តកម្មឌីជីថល ថាមពលកកើតឡើងវិញ និងបញ្ញាសិប្បនិម្មិត។ ភាគីទាំងពីរបានឯកភាពចេញសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីការពង្រឹងទំនាក់ទំនងរវាងវៀតណាមនិងប៉េរូ ដោយចាត់ទុកថាប្រទេសទាំងពីរបានប្រមូលផ្តុំលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងឡើងដល់កម្ពស់ថ្មីមួយ។ ជាមួយការប្តេជ្ញាចិត្តនយោបាយខ្ពស់ ភាគីទាំងពីរនឹងធ្វើការពិភាក្សាដើម្បីប្រកាសក្របខ័ណ្ឌភាពជាដៃគូថ្មីនេះ៕