នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Keqiang (រូបថត៖ TTXVN) |
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានអះអាងនូវសារៈសំខាន់នៃទំនាក់ទំនង វៀតណាម-ចិនសម្រាប់ប្រទេសនីមួយៗ ដោយសង្កត់ធ្ងន់ថា ភាគីទាំងពីរនឹងបន្តបង្កើតការយល់ឃើញរួម សំខាន់ៗដែលសម្រេចបាននៅក្នុងការសន្ទនាតាមទូរស័ព្ទ នាពេលថ្មីៗនេះ រវាងអគ្គលេខាបក្ស លោក Nguyen Phu Trong ជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping ដោយបន្តនាំទំនាក់ទំនងវៀតណាម-ចិនចូលឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ មានទំនុកចិត្តខាងនយោបាយកាន់ តែខ្ពស់ កិច្ចសហប្រតិបត្តិការកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព ហើយមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។
ទាក់ទិននឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពពង្រឹងទំនាក់ទំនងថ្នាក់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ជាពិសេសដើម្បីជំរុញនិងត្រៀមរៀបចំល្អបំផុតសម្រាប់ដំណើរទស្សនកិច្ចផ្ទាល់កម្រិតខ្ពស់ភ្លាមៗ បន្ទាប់ពីមហាសន្និបាតបក្សកុម្មុយនិស្តចិន លើកទី XX; ជំរុញរាល់វិស័យសហប្រតិបត្តិការសំខាន់ៗឲ្យកាន់តែជាក់ស្តែង ស៊ីជម្រៅ និងអភិវឌ្ឍន៍ប្រកបដោយសុខដុមរមនា និងនិរន្តរភាព។ ជំរុញការផ្លាស់ប្តូរ និងការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ។
ទាក់ទងនឹងបញ្ហាព្រំដែន ភាគីទាំងពីរបានឯកភាពបន្តរក្សាបណ្តាញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពលើព្រំដែនគោក និងបញ្ហាលើសមុទ្រ ដោយដោះស្រាយការខ្វែងគំនិតគ្នាឱ្យសមស្រប រក្សាសន្តិភាព និងស្ថិរភាពរួម។ នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពដឹកនាំភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការ និងជំរុញយន្តការចរចាស្តីពីការកំណត់ព្រំដែនសមុទ្រ និងកិច្ចសហប្រតិបត្តិការលើសមុទ្រ; រួមជាមួយបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ខិតខំបង្កើតក្រមប្រតិបត្តិសម្រាប់ភាគីនៅសមុទ្រខាងកើត (COC) ដែលមានខ្លឹមសារ ប្រសិទ្ធភាព និងសមស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ផងដែរ៕