ពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម បង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកោះ Cook (រូបថត៖ baochinhphu.vn) |
នាថ្ងៃទី ២៦ មេសា នៅរដ្ឋធានី Wellington នៃប្រទេសនូវែលសេឡង់ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលសេឡង់ លោក Nguyen Van Trung តាងនាមឲ្យរដ្ឋាភិបាលវៀតណាម រួមជាមួយឧត្តមស្នងការកោះ Cook ប្រចាំនៅនូវែលសេឡង់ Elizabeth Wright-Koteka តាងនាមរដ្ឋាភិបាលនៃកោះ Cook បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកោះ Cook។ ភាគីទាំងពីរបានឯកភាពបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងប្រទេសទាំងពីរនៅថ្នាក់ឯកអគ្គរដ្ឋទូតចាប់ពីថ្ងៃចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម និងអនុវត្តន៍អនុសញ្ញាក្រុងវីយែនឆ្នាំ ១៩៦១ ស្តីពីទំនាក់ទំនងការទូតក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។
បន្ទាប់ពីពិធីចុះហត្ថលេខានោះ ឯកអគ្គរដ្ឋទូតលោក Nguyen Van Trung បានជួបសន្ទនាជាមួយឧត្តមស្នងការ Elizabeth Wright-Koteka អំពីសកម្មភាពនានាដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងអភិវឌ្ឍន៍ចំណងសាមគ្គីភាពនិងមិត្តភាពរវាងប្រជាជនទាំងពីរ។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាប្រៀបខ្លាំងដូចជាទេសចរណ៍ កសិកម្ម និងនេសាទ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍លើការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការការពារជំងឺកូវីដ-១៩។ ទាក់ទងនឹងពហុភាគីនិយម ភាគីទាំងពីរបានឯកភាពសម្របសម្រួលសកម្មភាពនៅវេទិកាអាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជានៅក្នុងអង្គការឯកទេសរបស់អង្គការសហប្រជាជាតិ។
ជាមួយនឹងការបង្កើតទំនាក់ទំនងការទូតជាមួយកោះ Cook វៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៩០ ជុំវិញពិភពលោក។ វៀតណាមជាប្រទេសទី ៥៧ លើពិភពលោក និងជាប្រទេសទី ៦ ក្នុងអាស៊ាន ដែលប្រជុំកោះនេះមានទំនាក់ទំនងការទូតជាផ្លូវការ៕