នាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបសមាជិកព្រឹទ្ធសភា Mike Crapo។ (រូបថត៖ nhandan.vn) |
លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមតែងតែវាយតម្លៃខ្ពស់ចំពោះការដែលភាគីទាំងពីរបានរក្សាទំនាក់ទំនងកម្រិតខ្ពស់ក្នុងរយៈពេលកន្លងមក ជាពិសេសការសន្ទនាតាមទូរស័ព្ទប្រកបដោយជោគជ័យបំផុតរវាងអគ្គលេខាបក្ស លោក Nguyen Phu Trong និងប្រធានាធិបតីអាមេរិក លោកJoe Biden។ លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាល នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការអនុវត្តបច្ចេកវិទ្យា និងការច្នៃប្រឌិត ដើម្បីទប់ទល់នឹងការប្រេប្រួលនៃអាកាសធាតុ; ស្នើឲ្យ សមាជិកព្រឹទ្ធសភាអាមេរិកគាំទ្រការបើកទីផ្សារ កំណត់ការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃ និងដំណោះស្រាយការពារពាណិជ្ជកម្មសម្រាប់ទំនិញវៀតណាម។ ទន្ទឹមនឹងនោះ សភាអាមេរិកបានបន្តយកចិត្តទុកដាក់ និងចំណាយប្រភពធនធានក្នុងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីជំនះពុះពារផលវិបាកនៃសង្គ្រាម; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមនៅសហរដ្ឋអាមេរិក។
ចំណែកខ្លួនវិញ សមាជិកព្រឹទ្ធសភាអាមេរិកបានសម្តែងនូវចំណាប់អារម្មណ៍ដ៏ល្អចំពោះប្រទេស ប្រជាជន និងការអភិវឌ្ឍរបស់វៀតណាម គាំទ្រប្រទេសវៀតណាម "រឹងមាំ ឯករាជ្យ ភាពខ្លួនទីពឹងខ្លួន និងវិបុលភាព" គោរពឯករាជ្យ អធិបតេយ្យភាព និងគោលនយោបាយរបស់វៀតណាម។ គណៈប្រតិភូសមាជិកព្រឹទ្ធសភាក៏បានឲ្យដឹងថា នឹងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែមានភាពជាក់ស្តែង និងមានប្រសិទ្ធភាព; អះអាងការគាំទ្រចំពោះទស្សនៈរបស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើបញ្ហាសមុទ្រខាងកើត ដោយសង្កត់ធ្ងន់លើតម្រូវការរក្សាសន្តិភាព ស្ថិរភាព សេរីភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត៕