អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញជួបសន្ទនាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping (រូបថត៖ TTXVN) |
ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ជាពិសេស ចំពោះទីផ្សារចិន និងមានបំណងចង់បង្កើនការនាំចេញទៅកាន់ទីផ្សារចិននូវផលិតផលសក្កានុពលរបស់វៀត ណាម។ វៀតណាមស្វាគមន៍ និងត្រៀមរួចជាស្រេច បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសធំៗរបស់ចិន ក្នុងការបើកទូលាយការវិនិយោគនៅវៀតណាម។
អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានអះអាងថា បក្ស រដ្ឋាភិបាល និងប្រជាជនចិន តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងជាមួយវៀតណាម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi Jinping បានសម្តែងបំណង និងការត្រៀមខ្លួនជាស្រេចដោយខិតខំប្រឹងប្រែងរួមគ្នាជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម ដើម្បីបន្តពង្រឹងដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាំទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងចិនឲ្យមានការអភិវឌ្ឍន៍ប្រកបដោយតម្លាភាព ស្ថិរភាព ហើយជានិច្ចកាលនាំទំនាក់ទំនងនៃប្រទេសទាំងពីរឡើងដល់កម្ពស់ថ្មីមួយ។
ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីទិសដៅធំៗ ដើម្បីបង្កើនទំនុកចិត្ត ពង្រឹងចំណងមិត្តភាព លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសំខាន់ៗលើគ្រប់វិស័យ រក្សាសន្តិភាព និងស្ថិរភាពនៅលើសមុទ្រ និងជំរុញទំនាក់ទំនងវៀតណាម-ចិនឲ្យបន្តអភិវឌ្ឍន៍ប្រកបដោយតម្លាភាព ស្ថិរភាព និងនិរន្តរភាពនាពេលខាងមុខ។ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹង និងលើកកំពស់តួនាទីកំណត់ទិសដៅយុទ្ធសាស្ត្រនៃទំនាក់ទំនងតាមរយៈបណ្តាញបក្ស ដោយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពផែនការសហប្រតិបត្តិការរវាងបក្សទាំងពីរ និងផែនការ សហប្រតិបត្តិការបណ្តុះបណ្តាលកម្មាភិបាលរវាងបក្សទាំងពីរ សម្រាប់ដំណាក់កាល ២០២១-២០២៥; ពង្រឹងការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការកសាងបក្ស ការកសាងប្រព័ន្ធនយោបាយ ការងារកម្មាភិបាល និងការងារប្រឆាំងអំពើពុករលួយ។
ស្តីពីបញ្ហាព្រំដែន ភាគីទាំងពីរបានឯកភាពបង្កើនការគ្រប់គ្រងខ្សែព្រំដែនប្រកបដោយប្រសិទ្ធភាព ស្របតាមឯកសារ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងភាគីទាំងពីរ ជំរុញដំណើរការសាកល្បងកិច្ចសហប្រតិបត្តិការទេសចរ ណ៍នៅតំបន់ល្បាក់ Ban Gioc (វៀតណាម) – Détiān (ចិន)។ ទាក់ទិននឹងបញ្ហាសមុទ្រ អគ្គលេខាបក្សទាំងពីររូបបានចាត់ទុកថា នេះជាបញ្ហាដែលនៅសេសសល់ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ហើយការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រមានសារៈ សំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍនៃបក្សទាំងពីរ និងប្រទេសទាំងពីរ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើឲ្យភាគីទាំងពីរ គោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ព្រមទាំងដោះស្រាយរាល់ជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអន្តរជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ផងដែរ៕