លោកប្រធានរដ្ឋ Vo Van Thuong ជួបជាមួយក្រុមគ្រួសារដែលចូលរួមកម្មវិធីផ្លាស់ប្តូរយុវជនវៀតណាម-ជប៉ុន។ (រូបថត៖ VOV) |
បន្តកម្មវិធីបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នេះ (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញជួប សំណេះសំណាលជាមួយក្រុមគ្រួសារដែលចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរយុវជនវៀតណាម-ជប៉ុន ហើយចូលរួមកម្មវិធីផ្លាស់ប្តូរក្បាច់គុន Vovinam វៀតណាម និងក្បាច់គុនជប៉ុន។
ក្នុងជំនួបជាមួយបណ្ដាគ្រួសារជប៉ុនដែលធ្លាប់ទទួលយុវជនវៀតណាម មក ចូលរួមកម្មវិធីផ្លាស់ប្តូរយុវជនវៀតណាម-ជប៉ុននោះ លោកប្រធានរដ្ឋ Vo Van Thuong បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ និងការចាប់អារម្មណ៍ដ៏ល្អប្រសើរជាច្រើនក្នុង ដំណាក់កាលយុវវ័យរបស់ខ្លួន ដែលធ្លាប់បានរស់នៅ និងធ្វើការជាមួយគ្រួសារនិង យុវជនជប៉ុន។ លោកប្រធានរដ្ឋ អះអាងថា សកម្មភាពផ្លាស់ប្តូរមិត្តភាពដ៏ជាក់ស្តែង និងប្រកបដោយអត្ថន័យទាំងនេះ ជួយយុវជនវៀតណាមបង្កើនការយល់ដឹងអំពីទឹកដី និងមនុស្សជប៉ុន តាមនោះបានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា និងពង្រីក ចំណងមិត្តភាពប្រពៃណី និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរ។
កម្មវិធីផ្លាស់ប្ដូរក្បាច់គុនវៀតណាម-ជប៉ុន។ (រូបថត៖ VNA) |
នាព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋវៀតណាមបានអញ្ជើញចូលរួមកម្មវិធីផ្លាស់ប្តូរ ក្បាច់គុន Vovinam វៀតណាម និងក្បាច់គុនជប៉ុន ដែលត្រូវបានរៀបចំឡើងនៅទីក្រុងតូក្យូ។ លោកប្រធានរដ្ឋ និងគណៈប្រតិភូបានទស្សនាការសម្ដែងរបស់សិស្សគុន ជប៉ុននិងវៀតណាម ជាមួយនឹងការសម្តែងក្បាច់ដាវ ក្បាច់ប្រដាល់ និងក្បាច់វាយ តប់គ្នា... ដែលបង្ហាញពីកម្លាំងនៃនិកាយក្បាច់គុននានា និងបង្កប់នូវស្មារតីវប្បធម៌ជាតិ របស់ប្រទេសនីមួយៗ៕