លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមជំនួបសំណេះសំណាលជាមួយដៃគូអន្តរជាតិដែលបានជួយឧបត្ថម្ភវ៉ាក់សាំងបង្ការកូវីដ ១៩ ដល់វៀតណាម (រូបថត៖ Duong Giang/TTXVN) |
នៅក្នុងពិធីនេះ ដៃគូអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត ជាពិសេសការអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។ មកទល់នឹងពេលនេះ វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការចាក់វ៉ាក់សាំងខ្ពស់បំផុតក្នុងពិភពលោក។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក វៀតណាមបានជំនះរាល់ការលំបាក ជំនះលើបញ្ហាប្រឈមនិងសម្រេចបានលទ្ធផលគួរអោយចាប់អារម្មណ៍ក្នុងការបង្ការជំងឺរាតត្បាត ដោយសារវៀតណាមមានការផ្លាស់ប្ដូរការគិតនិងមានវិធានការទាន់ពេលវេលានិងទទួលបានការស្រុះចិត្តគំនិងរបស់ប្រជាជននិងសហគមន៍ ធុរកិច្ច។ លើសពីនេះ វៀតណាមបានទទួលការជួយឧបត្ថម្ភពីមិត្តភ័ក្តិនិងដៃគូអន្តរជាតិ សាមគ្គីភាពនិងការគាំទ្រពីបណ្តាប្រទេស អង្គការនិងបុគ្គលនានាជុំវិញពិភពលោកលើវិស័យវ៉ាក់សាំងនិងថ្នាំព្យាបាល។ ការឧបត្ថម្ភទាំងនេះមានតម្លៃជាពិសេស ពីព្រោះចំពេលដែល វៀតណាមកំពុងប្រឈមមុខនឹងការលំបាកបំផុត ដែលបង្ហាញពីស្មារតីសាមគ្គីភាពដ៏បរិសុទ្ធ “មិត្តដែលតែងតែជួយគ្នាទៅវិញទៅមកនាគ្រាលំបាក”។
តាងនាមបក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានផ្ញើជូនឯកអគ្គរដ្ឋទូត តំណាងប្រទេស បណ្តាអង្គការនៃអង្គការសហប្រជាជាតិដែលអញ្ជើញចូលរួមពិធីនេះ និងតាមរយៈភ្ញៀវកិត្តិយសសេចក្តីគោរពចំពោះភាពជាដៃគូ ការរួមចំណែក ការគាំទ្រ សកម្មភាពជាក់ស្តែង និងទាន់ពេលវេលាចំពោះវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ក្នុងរយៈពេល ២ ឆ្នាំកន្លងមក។ នៅឆ្នាំ ២០២២ នេះ វៀតណាមខិតខំក្លាយជាឆ្នាំនៃជ័យជំនះលើជំងឺរាតត្បាតជាបណ្តើរៗ ឈានចូលដល់ការ “ប្រក្រតីភាព” ជាមួយនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ជំរុញការស្តារឡើងវិញយ៉ាងឆាប់រហ័ស ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ការថែរក្សាសន្តិសុខសង្គម ធានាយ៉ាងរឹងមាំនូវការការពារជាតិ សន្តិសុខ សង្គម សណ្តាប់ធ្នាប់ សុវត្ថិភាព និងធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ៕