លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មកដល់ទីក្រុង Melbourne ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី និងបំពេញទស្សនកិច្ចផ្លូវការនៅអូស្ត្រាលី

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី៤ មីនា យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវ Le Thi Bich Tran រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋាន Melbourne ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួប ៥០ នៃ ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និងបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែមីនា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មកដល់ទីក្រុង Melbourne ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី និងបំពេញទស្សនកិច្ចផ្លូវការនៅអូស្ត្រាលី - ảnh 1ពិធីទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោកជំទាវនៅ
អាកាសយានដ្ឋាន។ (រូបថត៖ VNA)

កិច្ចប្រជុំកំពូលពិសេសរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលី ក្រោមប្រធានបទ “ភាពជាដៃគូសម្រាប់អនាគត” គឺជាឱកាសដើម្បីឲ្យភាគីទាំងពីរពិនិត្យមើលឡើងវិញនូវទំនាក់ទំនងរយៈពេល ៥០ឆ្នាំកន្លងមក ហើយផ្លាស់ប្តូរវិធានការជំរុញការអភិវឌ្ឍទំនាក់ទំនងយ៉ាងជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាព និងស្របតាមក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២១។

នៅក្នុងកិច្ចប្រជុំលើកនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រួមជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងអូស្ត្រាលី នឹងពិភាក្សា ដាក់ចេញចក្ខុវិស័យ ទិសដៅ និងវិធានការជាក់លាក់ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ជាពិសេស ភាគីអូស្ត្រាលីគ្រោងនឹងពិភាក្សា ហើយលើកឡើងគំនិតផ្តួចផ្តើមសហប្រតិបត្តិការថ្មី។ ប្រសិនបើភាគីទាំងពីរបានឯកភាពគ្នានោះ នឹងបង្កើតរបកគំហើញក្នុងទំនាក់ទំនងទ្វេភាគី រួមចំណែកបង្កើតធនធាន និងមូលដ្ឋានគ្រឹះបន្ថែមទៀតសម្រាប់ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី ដើម្បីអភិវឌ្ឍន៍ឱ្យកាន់តែខ្លាំងក្លានាពេលខាងមុខ។

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅអូស្ត្រាលី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងជួបពិភាក្សាការងារ និងជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់អូស្ត្រាលី; ចូលរួមវេទិកាធុរកិច្ចវៀតណាម - អូស្ត្រាលី; ទស្សនាការតាំងពិព័រណ៍គម្រោងវិនិយោគនៅវៀតណាម; ជួបធ្វើការជាមួយសមាគមធុរកិច្ចនិងសម្ព័ន្ធក្រុមហ៊ុនធំៗមួយចំនួនរបស់អូស្ត្រាលី; ទស្សនាគ្រឹះស្ថានសេដ្ឋកិច្ច សង្គម និងគ្រឹះស្ថានស្រាវជ្រាវវិទ្យាសាស្ត្រមួយចំនួនក្នុងប្រទេសអូស្ត្រាលី។ លោកនាយករដ្ឋមន្ត្រីក៏ជួបជាមួយកម្មាភិបាលនៃស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅអូស្ត្រាលី; ជួបសំណេះសំណាលជាមួយតំណាងសមាគមបញ្ញវន្ត និងអ្នកជំនាញវៀតណាម-អូស្ត្រាលីផងដែរ។

ក្នុងឱកាសនេះ ភាគីទាំងពីរនឹងចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការជាច្រើនលើវិស័យនានាដូចជា ការអប់រំ ថាមពល រ៉ែ កសិកម្ម-រុក្ខាប្រមាញ់-នេសាទ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ យុត្តិធម៌ ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងការវិនិយោគ៕

ប្រតិកម្មទៅវិញ