លើកកំពស់ទំនាក់ទំនងរវាងវៀតណាម-ជប៉ុនឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

Chia sẻ

(VOVWORLD) - នាយប់ថ្ងៃទី ២៧ វិច្ឆិកា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បន្ទាប់ពីកិច្ចពិភាក្សាការងារប្រកបដោយជោគជ័យ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio បានអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ដើម្បីជម្រាបអំពីលទ្ធផលនៃកិច្ចពិភាក្សាការងារ ក្នុងនោះ មេដឹកនាំទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក។

លើកកំពស់ទំនាក់ទំនងរវាងវៀតណាម-ជប៉ុនឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ảnh 1មេឹដឹកនាំទាំងពីរចូលរួមសន្និសីទសារព័ត៌មានរួមបន្ទាប់ពីកិច្ចពិភាក្សាការងារ។ (រូបថត៖ VNA)

ថ្លែងនៅសន្និសីទសារព័ត៌មាន ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានមានប្រសាសន៍ថា៖ “ខ្ញុំនិងនាយករដ្ឋមន្ត្រី Kishida Fumio ទើបតែមានកិច្ចពិភាក្សាការងារដ៏ជោគជ័យមួយ។ ភាគីទាំងពីរបានក្រឡែកមើលឡើងវិញនូវសមិទ្ធិផល និងការអភិវឌ្ឍដ៏ខ្លាំងក្លា លេចធ្លោ និងទូលំទូលាយនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម - ជប៉ុនក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក។ ជាពិសេស យើងខ្ញុំបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលបើកទំព័រថ្មីក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន សម្រាប់ការអភិវឌ្ឍយ៉ាងជាក់ស្ដែង គ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព តភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ឆ្លើយតបនឹងផលប្រយោជន៍នៃភាគីទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ សេចក្តីថ្លែងការណ៍រួម និងកិច្ចពិភាក្សារវាងខ្ញុំ និងនាយករដ្ឋមន្ត្រី Kishida Fumio បានឯកភាពលើទិសដៅសំខាន់ៗនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុននាពេលខាងមុខ”។

ចំណែកលោកនាយករដ្ឋមន្ត្រី Kishida Fumio បានស្វាគមន៍ចំពោះកម្ចី ODA របស់ជប៉ុនសម្រាប់វៀតណាមក្នុងឆ្នាំ ២០២៣ ដែលអាចលើសពីកម្រិត១០០ពាន់លានយ៉េន។ លោកនាយករដ្ឋមន្ត្រី Kishida Fumio បានសន្យាថានឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីសម្រួលបែបបទផ្ដល់ទិដ្ឋាការសម្រាប់ពលរដ្ឋវៀតណាម បន្តកែលម្អបរិយាកាសការងារ និងលក្ខខណ្ឌសន្តិសុខសង្គមសម្រាប់សហគមន៍ជនវៀតណាមនៅជប៉ុន។ លោកនាយករដ្ឋមន្ត្រី Kishida Fumio មានប្រសាសន៍ថា៖

“ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយបានទទួលស្វាគមន៍លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមមកកាន់ប្រទេសជប៉ុន ក្នុងឆ្នាំប្រវត្តិសាស្ត្រនៃការរំលឹកខួបលើកទី ៥០ ការបង្កើតទំនាក់ទំនងការទូតជប៉ុន-វៀតណាម។ ដើម្បីសន្តិភាព និងវិបុលភាពនៃអាស៊ី និងពិភពលោក យើងខ្ញុំបានព្រមព្រៀងគ្នាលើកកំពស់ទំនាក់ទំនងទ្វេភាគី។ នៅពេលអនាគត ចាំបាច់ត្រូវពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត”។

នៅក្នុងសន្និសីទសារព័ត៌មាន លោកប្រធានរដ្ឋ Vo Van Thuong និងលោកនាយករដ្ឋមន្ត្រី Kishida សុទ្ធតែបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការពង្រឹង និងរក្សាសណ្តាប់ធ្នាប់ សេរីភាពអន្តរជាតិក្នុងស្មារតីគោរពច្បាប់; សម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងតំបន់លើបញ្ហាដែលជាក្ដីកង្វល់រួម រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ។ ឯកភាពគាំទ្រការធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍ ដោះស្រាយគ្រប់ជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់នៃអង្គការសហប្រជាជាតិ (UNCLOS) ឆ្នាំ ១៩៨២។

មុនពេលចូលរួមសន្និសីទសារព័ត៌មាន លោកប្រធានរដ្ឋ Vo Van Thuong និងលោកនាយករដ្ឋមន្ត្រី Kishida Fumio បានអញ្ជើញជាសាក្សីក្នុងពិធីប្រគល់-ទទួលឯកសារសហប្រតិបត្តិការលើវិស័យអប់រំ - បណ្តុះបណ្តាល សុខាភិបាល ការផ្លាស់ប្ដូរថាមពល បច្ចេកវិទ្យាអវកាស ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការជំនះផលវិបាកក្រោយសង្គ្រាម៕

ប្រតិកម្មទៅវិញ