ក្នុងស្ថានភាពអង្គការសហប្រជាជាតិបានស្វែងរកវិធីចាប់ផ្ដើមដំណើរការនយោបាយសម្រាប់ស៊ីរីនោះ រុស្ស៊ីបានអះអាងថា៖ ករណីវាយប្រហារជើងអាកាស ដែលដឹកនាំដោយអាមេរិកតម្រង់ទៅលើស៊ីរីកន្លងទៅ បានបង្កឲ្យមានការបំផ្លិចបំផ្លាញដល់ដំណើរការសន្តិភាពនៅទីនេះ។ ថ្លែងមតិនៅក្នុងជំនួបជាមួយបេសកជនពិសេសទទួលបន្ទុកស៊ីរីនៃអង្គការសហប្រជាជាតិ លោក Staffan de Mistura នាថ្ងៃទី ២០ មេសា បានឲ្យដឹងថា៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានសង្កត់ធ្ងន់អំពីករណីវាយប្រហារជើងអាកាសពោលខាងលើ ដោយបានអនុវត្តន៍នាពេលវេលាមិនសមស្របឡើយ ខណៈពេលស៊ីរីកំពុងមានស្ថានភាពស្ថិរភាពជាបណ្ដើរៗ សម្រាប់ខឿនសន្តិភាពដ៏យូរអង្វែងមួយ។
នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រកាសថា៖ ប្រទេសខ្លួននឹងឆាប់ប្រកាសភស្តុតាងអំពីការដែលកងកម្លាំងការពារអាកាសរបស់ស៊ីរីបានវាយប្រហារទប់ស្កាត់ដោយជោគជ័យ នូវចំនួនមីស៊ីលជាងពាក់កណ្ដាលតាមជើងអាកាសរបស់កងទ័ពចម្រុះអាមេរិកនាពេលថ្មីៗនេះផងដែរ៕