រដ្ឋសភាវៀតណាម នីតិកាលទី១៥ បើកសម័យប្រជុំវិសាមញ្ញដើមដំបូងជាផ្លូវការ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ៤ មករា នៅសាលប្រជុំ Dien Hong ទីក្រុងហាណូយ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បានបើកសម័យប្រជុំវិសាមញ្ញដើមដំបូង តាមទម្រង់អនឡាញជាមួយខេត្ត ក្រុងចំនួន ៦២។ អញ្ជើញចូលរួមពិធីបើកនោះ មានវត្តមានអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានរដ្ឋសភាវៀតណាម Vuong Dinh Hue និងសមាជិករដ្ឋសភានីតិកាលពី ១៥។
រដ្ឋសភាវៀតណាម នីតិកាលទី១៥ បើកសម័យប្រជុំវិសាមញ្ញដើមដំបូងជាផ្លូវការ - ảnh 1ប្រធានរដ្ឋសភាវៀតណាម Vuong Dinh Hue (រូបថត៖ VNA)

អញ្ជើញថ្លែងបើកសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានលើកច្បាស់ថា រលកនៃការផ្ទុះជំងឺរាតត្បាតកូវីដ ១៩ លើកទី ៤ នេះជាមួយវីរុសបំប្លែងខ្លួន Delta បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅខាងសេដ្ឋកិច្ច និងសង្គម។ ទោះបីជាស្ថានភាពនាប៉ុន្មានខែចុងឆ្នាំ ២០២១ មានការវិវឌ្ឍន៍ជាវិជ្ជមានក៏ដោយ ប៉ុន្តែខឿនសេដ្ឋកិច្ចនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន៖ កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ ២០២១ ត្រូវបានប៉ាន់ស្ថានថាសម្រេចបាន ២,៥៨% សកម្មភាពផលិតកម្ម ធ្វើអាជីវកម្ម និងជីរភាពរស់នៅរបស់ពលករជួបការលំបាកជាច្រើន ហើយការអនុវត្តគោលដៅសេដ្ឋកិច្ច សង្គម ក្នុងរយៈពេលខ្លី និងមធ្យមជួបការលំបាក។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានឲ្យដឹងថា៖ “ដោយឈរលើតម្រូវការបន្ទាន់របស់ប្រទេសជាតិ និងបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់នោះ  គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចចិត្តកោះប្រជុំវិសាមញ្ញលើកដំបូង រដ្ឋសភានីតិកាលទី១៥ សំដៅធ្វើការពិចារណា និងសម្រេចចិត្តលើបញ្ហាធំៗ សំខាន់ៗ និងបន្ទាន់មួយចំនួនអំពីសេដ្ឋកិច្ច សង្គម ហិរញ្ញវត្ថុ ថវិកា ដើម្បីជួយឧបត្ថម្ភឲ្យទាន់ពេលវេលា ដល់កម្មវិធីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងកម្មវិធីស្ដារ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញផងដែរ”។

រដ្ឋសភាវៀតណាម នីតិកាលទី១៥ បើកសម័យប្រជុំវិសាមញ្ញដើមដំបូងជាផ្លូវការ - ảnh 2សម័យប្រជុំវិសាមញ្ញដើមដំបូង (រូបថត៖ VNA)

យោងតាមប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា នៅសម័យប្រជុំវិសាមញ្ញនេះ អង្គប្រជុំនឹងថធ្វើការពិចារណា និងសម្រេចចិត្តលើខ្លឹមសារសំខាន់ៗចំនួន ៤។ ដំបូងបង្អស់គឺធ្វើការពិចារណាអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បីជួយអនុវត្តន៍កម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ៖ “សេចក្ដីសម្រេចចិត្តនេះមានអត្ថន័យដ៏សំខាន់ពិសេស ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ជំនះពុះពារលើការលំបាក ស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព ស្ដារទីផ្សារការងារឡើងវិញ ដោះស្រាយបញ្ហាសន្តិសុខ និងសុខុមាលភាពសង្គម ។ នេះជាគោលនយោបាយបំពេញបន្ថែម ក្រៅពីក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុ ដែលត្រូវបានរដ្ឋសភាធ្វើការសម្រេចចិត្តក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្កម ព្រមទាំងផែនការហិរញ្ញវត្ថុ ផែនការកម្ចី និងសងបំណុលសាធារណៈ ក៏ដូចជាផែនការវិនិយោគសាធារណៈរយៈពេលមធ្យម ៥ ឆ្នាំ ដំណាក់កាល ២០២១-២០២៥ ផងដែរ” ។

រដ្ឋសភាវៀតណាម នីតិកាលទី១៥ បើកសម័យប្រជុំវិសាមញ្ញដើមដំបូងជាផ្លូវការ - ảnh 3សម័យប្រជុំវិសាមញ្ញដើមដំបូង (រូបថត៖ VNA)

នៅក្នុងសម័យប្រជុំនេះ អង្គប្រជុំក៏បានធ្វើការពិចារណាអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីគោលការណ៍វិនិយោគលើគម្រោងកសាងសំណងផ្លូវ ល្បឿនលឿនពីខាងជើងទៅខាងត្បូង ដំណាក់កាល ២០២១-២០២៥ ព្រមទាំងសេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់វិនិយោគសាធារណៈ  ច្បាប់ស្តីពីការវិនិយោគតាមទម្រង់ ដៃគូរដ្ឋ និងឯកជន ច្បាប់ស្តីពីការវិនិយោគ ច្បាប់ស្តីពីការដេញថ្លៃ ច្បាប់ថាមពលអគ្គិសនី ច្បាប់ស្តីពីពន្ធលើការប្រើប្រាស់ពិសេស និងច្បាប់ស្តីពីការអនុវត្តសាលក្រមរដ្ឋប្បវេណីជាដើម។

លោកប្រធានរដ្ឋសភាបានស្នើឲ្យអង្គប្រជុំផ្ដោតសំខាន់លើការពិភាក្សា ផ្ដល់ប្រឹក្សា មតិយោបល់អស់ពីកម្លាំងកាយចិត្ត ប្រកបដោយគុណភាពខ្ពស់ ព្រមទាំងស្នើឲ្យស្ថាប័នមានសមត្ថកិច្ចទទួលមតិយោបល់ទាំងនេះរបស់អង្គប្រជុំ ដើម្បីសម្រេចរួចរាល់គម្រោងច្បាប់ ពង្រាងសេចក្តីសម្រេចចិត្តនានា ដើម្បីធានាគុណភាពខ្ពស់បំផុត ហើយចេញផ្សាយឲ្យបានឆាប់ៗ ដើម្បីសម័យប្រជុំប្រព្រឹត្តិទៅប្រកបដោយជោគជ័យផងដែរ៕

ប្រតិកម្មទៅវិញ