រដ្ឋមន្ត្រីការបរទេសអាមេរិក A.Blinken បំពញទស្សនកិច្ចនៅប្រទេសចិន។ រូបថត៖ Lianhe Zaobao |
តាមផែនការ ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken នឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេសម្ចាស់ផ្ទះ លោក Qin Gang ប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនិស្តចិន លោក Wang Yi ហើយអាចនឹងជួបជាមួយប្រធានរដ្ឋចិន លោក Xi Jinping ផងដែរ។
ថ្លែងមតិក្នុងសន្និសីទកាសែតនៅរដ្ឋធានីវ៉ាស៊ីនតោននៅមុនដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានអះអាងថា ដំណើរទស្សនកិច្ចនេះមានគោលដៅសំខាន់ចំនួន ៣ រួមមាន៖ បង្កើតយន្តការគ្រប់គ្រងវិបត្តិនានា; ជំរុញផលប្រយោជន៍របស់អាមេរិកនិងសម្ព័ន្ធមិត្ត; ផ្លាស់ប្តូរដោយផ្ទាល់អំពីការព្រួយបារម្ភពាក់ព័ន្ធនានា ស្វែងរកវិស័យសហប្រតិបត្តិការដែលមានសក្តានុពល។
ក្រសួងការបរទេសចិនបានឲ្យដឹងថា ក្នុងអំឡុងពេលដែលលោក Blinken បំពេញទស្សនកិច្ចនៅប្រទេសចិន ទីក្រុងប៉េកាំងនឹងបញ្ជាក់ពីគោលជំហរនិងការព្រួយបារម្ភចំពោះទំនាក់ទំនងចិន-អាមេរិក ព្រមទាំងប្តេជ្ញាចិត្តការពារផលប្រយោជន៍របស់ខ្លួន។
នាថ្ងៃទី១៤ ខែមិថុនា កន្លងទៅ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីចិន លោក Qin Gang។ ក្នុងជំនួបនេះ លោក Antony Blinken បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាបណ្តាញទំនាក់ទំនងបើកចំហដើម្បីគ្រប់គ្រងដោយមានការទទួលខុសត្រូវចំពោះទំនាក់ទំនងរវាងអាមេរិកនិងចិន ដើម្បីជៀសវាងការគិតគូរខុសឆ្គងនិងជម្លោះដែលអាចជួបប្រទះ។ ក្នុងពេលជាមួយគ្នានោះ លោក លោក Qin Gang បានវាយតម្លៃថា ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ទំនាក់ទំនងចិន - អាមេរិកប្រឈមមុខនឹងឧបសគ្គជាច្រើន។ លោកបានសម្តែងក្តីសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោននឹងរួមជាមួយប៉េកាំង ដោះស្រាយការខ្វែងគំនិត ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ជៀសវាងហានិភ័យនៃទំនាក់ទំនងទ្វេភាគីកាន់តែអាក្រក់ទៅៗ ទន្ទឹមនឹងនោះ នាំទំនាក់ទំនងនេះវិលត្រឡប់មកគន្លងអភិវឌ្ឍប្រកបដោយភាពស្អាតស្អំ និងស្ថិរភាពឡើងវិញ៕