រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បាន​ត្រឡប់​ទៅ​មជ្ឈិមបូព៌ា ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ឈប់​ជម្លោះ​​ហាម៉ាស-​អ៊ីស្រាអែល

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ៤ ខែមករា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ទៅកាន់មជ្ឈិមបូព៌ា ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ជម្លោះរវាងចលនាអ៊ីស្លាមហាម៉ាស និងអ៊ីស្រាអែល ដែលអូសបន្លាយរយៈពេលជិត ៣ ខែកន្លងទៅ។

នេះជាដំណើរទស្សនកិច្ចលើកទី៤របស់រដ្ឋមន្ត្រីការបរទេសអាមេរិកទៅកាន់តំបន់នេះចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីដើមខែតុលាឆ្នាំមុន។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បាន​ត្រឡប់​ទៅ​មជ្ឈិមបូព៌ា ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ឈប់​ជម្លោះ​​ហាម៉ាស-​អ៊ីស្រាអែល - ảnh 1រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Tel Aviv ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣។ រូបថត៖ AFP/TTXVN

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិក ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងពិភាក្សា និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារអាយុជីវិតជនស៊ីវិលនៅអ៊ីស្រាអែល តំបន់ West Bank និងតំបន់ហ្គាហ្សា ដោយធានាឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលនៅសេសសល់ និងប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌និងសេវាកម្មសំខាន់ៗនៅក្នុងតំបន់ហ្គាហ្សា។ លើសពីនេះទៅទៀត អាមេរិកក៏នឹងពិភាក្សាអំពីយន្តការគ្រាអាសន្ន ដើម្បីទប់ស្កាត់អំពើហិង្សា និងកាត់បន្ថយស្ថានភាពតានតឹងក្នុងតំបន់ រួមទាំងទប់ស្កាត់ការវាយប្រហារពីកងកម្លាំង Houthi សំដៅទៅលើសកម្មភាពដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងតំបន់សមុទ្រក្រហម និងជៀសវាងការកើនឡើងនៃជម្លោះនៅក្នុងប្រទេសលីបង់។

ទាក់ទងនឹងជម្លោះនៅតំបន់ហ្គាហ្សា ទីភ្នាក់ងារសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី ៤ មករា បានឲ្យដឹងថា ចំនួនអ្នកស្លាប់និងរងរបួសសរុបចាប់តាំងពីជម្លោះបានផ្ទុះឡើង បានលើសពី ៨០.០០០ នាក់ ក្នុងនោះមានអ្នកស្លាប់ជិត ២២.៥០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល។ កងកម្លាំង IDF បានឲ្យដឹងថា បានកំទេចខ្មាន់កាំភ្លើងហាម៉ាស់ជាង ៨.៥០០នាក់ ចាប់តាំងពីជម្លោះបានផ្ទុះឡើង៕

ប្រតិកម្មទៅវិញ