នៅថ្ងៃទី១២ ខែធ្នូ វិមានក្រឹមឡាំងបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានយល់ព្រមឱ្យមានការពិភាក្សាបន្ថែមទៀត បន្ទាប់ពីកិច្ចប្រជុំតាមអ៊ីនធឺណេតកាលពីសប្តាហ៍មុន។ លោកប្រធានាធិបតី Putin ក៏បានឲ្យដឹងថា លោកចង់មានជំនួបទល់មុខគ្នាជាមួយប្រធានាធិបតី Joe Biden។
ក៏ប៉ុន្តែ ថ្លែងទៅកាន់ទូរទស្សន៍ NBC នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចាត់ទុកថា ជំនួបកំពូលដោយផ្ទាល់រវាងអាមេរិកនិងរុស្ស៊ី ទំនងជានឹងមិនអាចកើតមានឡើងទេ ដោយសារភាគីរុស្ស៊ីនៅតែបន្តបង្កើនកងទ័ពនៅតាមព្រំដែនជាមួយអ៊ុយក្រែន។ យោងតាមលោក Blinken អាមេរិក និងដៃគូ និងសម្ព័ន្ធមិត្តនៅអឺរ៉ុប មានបំណងចង់ឱ្យរុស្ស៊ីដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់ព្រំដែនជាមួយអ៊ុយក្រែន ហើយធ្វើកិច្ចសន្ទនាការទូតជាមួយបណ្តាប្រទេសអឺរ៉ុប និងអ៊ុយក្រែន ដើម្បីដោះស្រាយជម្លោះនៅភាគខាងកើតអ៊ុយក្រែន។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ នៅក្នុងកិច្ចប្រជុំតាមអ៊ីនធឺណេតកាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិកលោក Joe Biden បានព្រមានថា អាមេរិកនិងសម្ព័ន្ធមិត្ត នឹងធ្វើការឆ្លើយតបដោយវិធានការសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ប្រសិនបើរុស្ស៊ីមានសកម្មភាពយោធាប្រឆាំងនឹងប្រទេសអ៊ុយក្រែន។ ប៉ុន្តែ រដ្ឋបាលអាមេរិកក៏បានសង្កត់ធ្ងន់ថា ការឆ្លើយតបផ្នែកយោធាពីភាគីអាមេរិក មិនទាន់បានពិចារណាដល់នៅឡើយ៕