ទិដ្ឋភាពនៅប្រទេសវេណេហ្ស៊ុយអេឡា |
សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសអាមេរិកបានលើកច្បាស់ថា លោក Mike Pompeo បានហៅទូរស័ព្ទឱ្យសមភាគីរុស្ស៊ី ដើម្បីពិភាក្សាអំពីតួនាទីរបស់រុស្ស៊ីនិងគុយបានៅវេណេហ្ស៊ុយអេឡា។ ក្នុងនោះលោក Pompeo បានអំពាវនាវឱ្យរុស្ស៊ី "បន្ថយការគាំទ្រចំពោះរដ្ឋអំណាចរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro"។
រីឯក្រសួងការបរទេសរុស្ស៊ីក៏បានចេញសេចក្តីប្រកាសស្តីអំពីការកិច្ចសន្ទនាតាមទូរស័ព្ទនេះផងដែរដោយគូសបញ្ជាក់ថារដ្ឋមន្ត្រីការបរទេសទាំងពីរបានផ្តោតលើការពិភាក្សាអំពីស្ថានភាពនៅវ៉េណេស៊ុយអេឡា ជាទីកន្លែងដែលគណបក្សប្រឆាំងក្រោមការគាំទ្ររបស់អាមេរិក បានធ្វើរដ្ឋប្រហារ។ ក្នុងសេចក្តីថ្លែងការណ៍នេះដែរ លោក Lavrov បានលើកច្បាស់ថាការដែលទីក្រុងវ៉ាស៊ីនតោនបានធ្វើអន្តរាគមន៍នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ហើយបានគំរាមកំហែងដល់ថ្នាក់ដឹកនាំរបស់ប្រទេសនេះគឺ "បានរំលោភបំពានលើច្បាប់អន្តរជាតិ" ហើយប្រសិនបើអាមេរិកបន្តស្វែងរកវិធីដើម្បីបង្ករឿងដូច្នេះនឹង បណ្តាលឲ្យមាន"ផលវិបាកយ៉ាងធ្ងន់ធ្ងរបំផុត" ផងដែរ៕