រដ្ឋមន្ត្រីការបរទេសចិនបំពេញ​ទស្សនកិច្ចនៅហ្វីលីពីន ដើម្បីពិភាក្សាលើ​បញ្ហាសន្តិសុខ​ក្នុងតំបន់

Chia sẻ
(VOVWORLD) - យោងតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី ១៨ ខែមេសា របស់ក្រសួងការបរទេសហ្វីលីពីន រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang នឹងបំពេញទស្សនកិច្ចផ្លូវការនៅហ្វីលីពីនចាប់ពីថ្ងៃទី ២១ - ២៣ ខែមេសា។ 
រដ្ឋមន្ត្រីការបរទេសចិនបំពេញ​ទស្សនកិច្ចនៅហ្វីលីពីន ដើម្បីពិភាក្សាលើ​បញ្ហាសន្តិសុខ​ក្នុងតំបន់ - ảnh 1រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang។ (ប្រភព៖ AFP)

ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរគ្រោងនឹងពិភាក្សាអំពីលទ្ធផលនៃយន្តការពិគ្រោះយោបល់របស់ក្រសួងការបរទេសហ្វីលីពីន-ចិន និងយន្តការពិគ្រោះយោបល់ទ្វេភាគីស្តីពីសមុទ្រខាងកើត ដែលបានធ្វើឡើងនៅទីក្រុងម៉ានីលក្នុងខែមីនាកន្លងទៅ។  

ជំនួបទល់មុខគ្នាជាលើកដំបូងរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរក៏សំដៅពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាន ក្នុងជំនួបរវាងមេដឹកនាំនៃប្រទេសទាំងពីរ; ផ្តោតលើវិធានការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដូចជា កសិកម្ម ពាណិជ្ជកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការជួបប្រាស្រ័យរវាងប្រជាជន និងវិស័យផ្សេងៗទៀត។ ភាគីទាំងពីរក៏នឹងពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះរួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ។

ដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តិទៅក្នុងបរិបទដែលចិន នាពេលថ្មីៗនេះមានការរិះគន់លើសេចក្តីសម្រេចចិត្តរបស់ហ្វីលីពីន ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ពង្រីកការចូលទៅកាន់មូលដ្ឋានយោធា ដោយចាត់ទុកថា វាបានបង្កើនភាពតានតឹងនៅក្នុងតំបន់។ នៅក្នុងប្រតិកម្មថ្មីបំផុត ក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីនបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសន្តិសុខរវាងអាមេរិក-ហ្វីលីពីន គឺសំដៅពង្រឹងសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធហ្វីលីពីន មិនមែនដើម្បីប្រឈមមុខនឹងប្រទេសណាមួយនៅក្នុងតំបន់នោះទេ ហើយក៏មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃប្រទេសផ្សេងៗនោះឡើយ៕

 

ប្រតិកម្មទៅវិញ