នាយករដ្ឋមន្ត្រីបណ្តោះអាសន្ននៃប្រទេសនីហ្សេ Ali Mahaman Lamine Zeine។ រូបថត៖ រ៉យទ័រ |
ក្នុងការវិវឌ្ឍនាពេលថ្មីៗបំផុតអំពីស្ថានការរដ្ឋប្រហារនីហ្សេ កាលពីម្សិលមិញ គណៈប្រតិភូនៃមន្ត្រីសាសនានីហ្សេរីយ៉ាបានប្រកាសថា ក្រុមប្រឹក្សាជាតិការពារមាតុភូមិ និងរដ្ឋាភិបាលបណ្តោះអាសន្ន ដែលទើបតែត្រូវបានបង្កើតឡើងដោយរបបយោធានៅនីហ្សេបានសម្តែងឆន្ទៈធ្វើកិច្ចសន្ទនាជាមួយប្រទេសជិតខាងនៅអាហ្វ្រិកខាងលិច ដើម្បីស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនាបច្ចុប្បន្ន ជំនួសឱ្យការប្រឈមមុខដាក់គ្នាខាងយោធា។ សុឆន្ទៈនេះត្រូវបានមេដឹកនាំយោធានីហ្សេបង្ហាញ ក្នុងជំនួបផ្ទាល់នៅរដ្ឋធានី Niamey រវាងគណៈប្រតិភូនៃមន្ត្រីសាសនានីហ្សេរីយ៉ា និងនាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់នីហ្សេលោក Ali Mahaman Lamine Zeine ។
អ្នកសង្កេតការណ៍ក្នុងតំបន់ជាច្រើនបានចាត់ទុកថា នេះគឺជាការផ្លាស់ប្ដូរអាកប្បកិរិយាដែលមិននឹកស្មានដល់របស់របបយោធានីហ្សេ។ ព្រោះថាមុននោះ ភាគីរដ្ឋប្រហារនៅនីហ្សេតែងតែបង្ហាញជំហរយ៉ាងរឹងមាំ មិនព្រមទទួលគណៈប្រតិភូចរចានៃបណ្តាប្រទេសនៅអាហ្វ្រិកខាងលិច ហើយអះអាងថា ត្រៀមខ្លួនជាស្រេចឆ្លើយតបរាល់សកម្មភាពអន្តរាគមន៍យោធាចូលប្រទេសនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគបានចាត់ទុកថា លទ្ធភាពដែលរបបយោធានេហ្សេព្រមទទួលការបោះបង់អំណាច និងស្ដារឡើងវិញនូវសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ក៏ដូចជាអំណាចជូនប្រធានាធិបតីដែលត្រូវផ្តួលរំលំ គឺលោក Mohamed Bazoum តាមសំណើររបស់បណ្ដាប្រទេស អាហ្វ្រិកខាងលិច និងប្រទេសលោកខាងលិចគឺពិបាកសម្រេចបានណាស់៕