កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា ប្រធានក្រុមប្រឹក្សាប្រតិបត្តិ និងជាបេក្ខជនលេខមួយសម្រាប់តំណែងអគ្គលេខាធិការនៃចលនាហេសបូឡាលោក Hashem Safieddine ត្រូវបានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់ IDF នៅជាយក្រុងបេរូត ប្រទេសលីបង់ កាលពីថ្ងៃទី ៤ ខែតុលា។ ក្រៅពីលោក Safieddine ការវាយឆ្មក់លើទីស្នាក់ការកណ្តាលរបស់ហេសបូឡា កាលពី ៣ សប្តាហ៍មុន ក៏បានសម្លាប់ប្រមុខអង្គភាពស៊ើបការណ៍សម្ងាត់ និងសមាជិកប្រហែល ២៥ នាក់ផ្សេងទៀតរបស់ ហេសបូឡាផងដែរ។ នាយប់ថ្ងៃដ៏ដែរ កងទ័ពអាកាសអ៊ីស្រាអែលក៏បានបើកការវាយឆ្មក់បន្ថែមទៀតទៅលើតំបន់ជាយក្រុងភាគខាងត្បូង នៃរដ្ឋធានីបេរូត របស់លីបង់ ហើយកម្រិតការខូចខាតមិនទាន់ច្បាស់ទេ។ មុនការវាយប្រហារ IDF បានស្នើឱ្យអ្នកស្រុកនៅតាមទីតាំងជាបន្តបន្ទាប់ជម្លៀកចេញដើម្បីធានាសុវត្ថិភាពអាយុជីវិត៕