អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានាធិបតីបារាំងលោក Emmanuel Macron បានបង្ហាញនូវបំណងចង់ជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ដើម្បីដោះស្រាយវិបត្តិនៅស៊ីរី។ មេដឹកនាំនៃប្រទេសអាល្លឺម៉ង់ និងបារាំងបានលើកមតិនេះ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃទី ២០ ខែកុម្ភៈ។
មេដឹកនាំរុស្ស៊ី បារាំង អាល្លឺម៉ង់ បារាំង (រូបថត៖ TTXVN) |
យោងតាមខុទ្ទកាល័យ អធិការបតីអាល្លឺម៉ង់ បានឲ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទ លោកស្រី Merkel និង លោក Macron បានសម្តែងការព្រួយបារម្ភចំពោះគ្រោះមហន្តរាយមនុស្សធម៌ សម្រាប់ប្រជាជននៅខេត្ត Idlib ដែលជាកំពែងចុងក្រោយរបស់ ក្រុមឧទ្ទាមស៊ីរី។ មេដឹកនាំទាំងពីរបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ការប្រយុទ្ធនិងបើកច្រករបៀងមនុស្សធម៌ សម្រាប់ប្រជាជនដែលជួបការលំបាក។ អធិការបតីអាល្លឺម៉ង់ និងប្រធានាធិបតីបារាំងបានសម្តែងការត្រៀមខ្លួនជាស្រេច ដើម្បីជួបជាមួយមេដឹកនាំរុស្ស៊ី និងតួកគីសំដៅរកដំណោះស្រាយនយោបាយសម្រាប់វិបត្តិនៅស៊ីរីនាបច្ចុប្បន្ន៕