ពិភពលោកបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដែលបានសម្លាប់មនុស្សជាង ៥០០​ នាក់នៅមន្ទីរពេទ្យក្នុង​តំបន់​ហ្គាហ្សា

Chia sẻ
(VOVWORLD) - មេដឹកនាំនៃប្រទេស និងអង្គការអន្តរជាតិធំៗក្នុងពេលដំណាលគ្នាបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារលើមន្ទីរពេទ្យ Al Ahli ក្នុងតំបន់ហ្គាហ្សា កាលពីយប់ថ្ងៃទី ១៧ ខែតុលា ដែលបានសម្លាប់មនុស្សជាង ៥០០ នាក់ ហើយបានអំពាវនាវឱ្យពិភពលោកចាត់វិធានការជាបន្ទាន់ ដើម្បីរាំងស្កាត់សោកនាដកម្មនាពេលបច្ចុប្បន្នក្នុងតំបន់ហ្គាហ្សា។

នៅក្នុងសេចក្តីប្រកាសមួយដែលបានចេញផ្សាយភ្លាមៗបន្ទាប់ពីការវាយប្រហារទៅលើមន្ទីរពេទ្យ Al Ahli នៅតំបន់ហ្គាហ្សា ប្រធានាធិបតីអាមេរិកលោក Joe Biden បានសម្តែងការខឹងសម្បារចំពោះការបាត់បង់អាយុជីវិតដ៏កាច់សាហាវដែលបណ្តាលមកពីការវាយប្រហារនេះ។ ភ្លាមៗនោះ ប្រធានាធិបតីអាមេរិកក៏បានហៅទូរស័ព្ទទៅព្រះមហាក្សត្រហ្ស៊កដានី ស្តេច Abdullah II និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ហើយបានបញ្ជាឱ្យភ្នាក់ងារសន្តិសុខអាមេរិកធ្វើការស៊ើបអង្កេត និងប្រមូលព័ត៌មានទាំងអស់ដែលទាក់ទងនឹងឧប្បត្តិហេតុនេះ។

ពិភពលោកបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដែលបានសម្លាប់មនុស្សជាង ៥០០​ នាក់នៅមន្ទីរពេទ្យក្នុង​តំបន់​ហ្គាហ្សា - ảnh 1ការនាំយកជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីព្យាបាល។ រូបថត៖ AP

មេដឹកនាំប្រទេសជាច្រើនទៀតក៏បានធ្វើប្រតិកម្មយ៉ាងខ្លាំងចំពោះការវាយប្រហារលើមន្ទីរពេទ្យ Al Ahliផងដែរ។ ប្រធានាធិបតីទួរគី លោក Recep Tayip Erdogan បានអំពាវនាវដល់មនុស្សជាតិទាំងអស់ឱ្យចាត់វិធានការបន្ទាន់ដើម្បីបញ្ឈប់អំពើឃោរឃៅមិនធ្លាប់មានដែលបានកើតឡើងនៅតំបន់ហ្គាហ្សា។ ទន្ទឹមនឹងនោះ បេសកកម្មរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា នឹងស្នើឱ្យមានការថ្កោលទោសការវាយប្រហារនេះទៅក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ (UN) ស្តីពីអ៊ីស្រាអែល-ហ្គាហ្សា ដែលគ្រោងនឹងត្រូវបោះឆ្នោតនៅថ្ងៃទី ១៨ ខែតុលា នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk ក៏បានអំពាវនាវឱ្យពិភពលោកផ្ដន្ទាទោសជនល្មើសដែលបានប្រព្រឹតការវាយប្រហារនេះ៖

"មន្ទីរពេទ្យគឺជាកន្លែងដែលមិនអាចបំពានបានឡើយ ហើយត្រូវតែការពារដោយគ្រប់តម្លៃណាទាំងអស់។ យើងនៅមិនទាន់ដឹងច្បាស់ពីកម្រិតសាហាវនៃការវាយប្រហារ នេះនៅឡើយទេ ប៉ុន្តែអ្វីដែលច្បាស់លាស់នោះ គឺអំពើហិង្សានិងការសម្លាប់មនុស្សចាំបាច់ត្រូវបញ្ឈប់ភ្លាមមួយរំពិក។ ប្រទេសដែលមានឥទ្ធិពលទាំងអស់ត្រូវធ្វើអស់ពីសមត្ថភាពដើម្បីបញ្ឈប់ស្ថានភាពដ៏អាក្រក់នេះ។ អ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារនេះចាំបាច់ផ្តន្ទាទោសលើឧក្រិដ្ឋកម្មរបស់ខ្លួន»។

បច្ចុប្បន្ននេះ កងទ័ពអ៊ីស្រាអែល និងកងកម្លាំងហាម៉ាស បានបញ្ជាក់ថា ពួកគេមិនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះទេ ហើយជឿជាក់ថាភាគីម្ខាងទៀតជាអ្នកទទួលខុសត្រូវ៕

ប្រតិកម្មទៅវិញ