កម្មវិធីសិល្បៈពោរពេញទៅដោយអត្តសញ្ញាណជាតិរបស់ប្រជាជាតិទាំងពីរ អបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសវៀតណាមនិងកម្ពុជា (រូបថត៖ VOV) |
ការប្រារព្ធពិធីនេះគឺជាសកម្មភាពសំខាន់នៃឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ ២០២២ រំលឹកដល់ព្រឹត្តិការណ៍ដ៏សំខាន់នៃទំនាក់ទំនងមិត្តភាពដ៏ស្អិតរមួតរវាងប្រទេសភូមិផងរបងទាំងពីរ និងជាឱកាសសម្រាប់ភាគីទាំងពីរពិនិត្យមើលឡើងវិញនូវប្រវត្តិសាស្ត្រនិងប្រពៃណីសាមគ្គីភាព ជួយគ្នាទៅវិញទៅមកក្នុងសម័យតស៊ូ ដណ្តើមឯករាជ្យជាតិពីអតីតកាល និងការអភិវឌ្ឍប្រទេសជាតិនាសព្វថ្ងៃ។ នេះក៏ជាសកម្មភាពដែលរួមចំណែកពង្រឹងនិងពង្រីកការផ្សព្វផ្សាយ និងអប់រំប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ អំពីអត្ថន័យនិងសារៈសំខាន់នៃទំនាក់ទំនងវៀតណាម-កម្ពុជា។
ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV) |
អញ្ជើញថ្លែងសុន្ទរកថាបើក ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានសង្កត់ធ្ងន់ថា៖ “ក្រឡេកមើលឡើងវិញរយៈពេល ៥៥ឆ្នាំកន្លងមក យើងមានមោទនៈភាពដែលឃើញថា ទោះបីជាឆ្លងកាត់ការលំបាក និងបញ្ហាប្រឈមជាច្រើន រួមជាមួយនឹងការឡើងចុះនៃប្រវត្តិសាស្ត្រក៏ដោយ ក៏ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដ៏ល្អប្រសើររវាងវៀតណាម និងកម្ពុជា បាននិងកំពុងបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ រួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍន៍ប្រកបដោយវិបុលភាពនៃប្រទេសទាំងពីរ។ គោលនយោបាយជាក់ស្តែងរបស់វៀតណាមគឺគាំទ្រប្រទេសកម្ពុជាប្រកប ដោយសន្តិភាព អព្យាក្រឹត និងអភិវឌ្ឍន៍។ បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ចំពោះទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង ជាមួយកម្ពុជា”។
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធី (រូបថត៖ VOV) |
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរនេះ ហើយលោកជំទាវបានបញ្ជាក់ដែរថា រយៈពេល ៥៥ ឆ្នាំកន្លងទៅ គឺជាដំណាក់កាលអភិវឌ្ឍន៍ដ៏មានសារៈសំខាន់ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា ត្រូវបានកត់សម្គាល់ដោយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបាន នៅពេលដែល ប្រទេសទាំងពីរបានសាមគ្គីគ្នា និងជួយគ្នាទៅវិញទៅមកក្នុងការតស៊ូដណ្តើមឯករាជ្យពីរបបអាណានិគមនិយម ប្រកៀកស្មាគ្នាដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ ប៉ុល ពត ក៏ដូចជា ក្នុងការកសាង និងអភិវឌ្ឍន៍នៃប្រទេសនីមួយៗ។
គណៈប្រតិភូចូលរួមពិធី |
ក្នុងពិធីអបអរសាទរនេះ តំណាងអតីតយុទ្ធជនស្ម័គ្រចិត្តវៀតណាមប្រចាំនៅកម្ពុជា និងតំណាងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរបានថ្លែងមតិដោយអះអាងអំពីបេសកកម្មនៃការរួមដៃគ្នាពូនជ្រុំទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជា ដែលបន្តសរសេរឡើងទំព័រប្រវត្តិសាស្ត្រដ៏វីរភាពរបស់ប្រជាជននៃប្រទេសទាំងពីរ៕