នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងមតិក្នុងពិធីបើកការតាំងពិព័រណ៍ (រូបថត៖ Quang Trung/VOV) |
អញ្ជើញចូលរួមក្នុងកម្មវិធី មាននាយករដ្ឋមន្ត្រី Pham Minh Chinh, នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម; នាយឧត្តមសេនីយ៍ Chansamon Chanyalath ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ; រដ្ឋមន្ត្រីការពារជាតិម៉ុងហ្គោលី Saikhanbayar Gursed; ឧត្តមសេនីយ៍ឯក Víctor Rojo Ramos នាយកនយោបាយនៃកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា និងតំណាងក្រសួងការពារជាតិ រួមទាំងមេបញ្ជាការយោធានៃប្រទេសក្នុងតំបន់ និងពិភពលោក។
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែធ្នូ ពិព័រណ៍នេះបានទាក់ទាញអង្គភាព និងអាជីវកម្មជាង ១៧០ មកពីប្រទេសចំនួន ៣០ ជុំវិញពិភពលោក ដោយបង្ហាញនូវយានជំនិះប្រយុទ្ធ ដំណោះស្រាយបច្ចេកវិទ្យា អាវុធ និងឧបករណ៍ប្រើប្រាស់សម្រាប់កងទ័ពជើងទឹក កងទ័ពជើងគោក កងទ័ពការពារដែនអាកាស...។ ថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “គោលនយោបាយការពារជាតិរបស់វៀតណាមគឺសន្តិភាព ការពារខ្លួន និងដើម្បីប្រជាជន។ កងទ័ពប្រជាជនវៀតណាមកំពុងចូលរួមយ៉ាងសកម្មក្នុងទម្រង់សមស្រប នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ទ្វេភាគី និងពហុភាគីជាមួយប្រទេសជុំវិញពិភពលោក។ កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ និងជាពិសេសពិព័រណ៍ការពារជាតិអន្តរជាតិក្នុងឆ្នាំ ២០២២នេះ នឹងបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ការស្រាវជ្រាវ និងនិន្នាការអភិវឌ្ឍន៍នៃឧបករណ៍ឧស្សាហកម្មការពារជាតិ និងសន្តិសុខនៅលើពិភពលោក; ការធ្វើពិពិធកម្មបណ្តាញនៃលទ្ធកម្ម ការទទួល និងការផ្ទេរបច្ចេកវិទ្យាពីបរទេស និងការផលិតឧបករណ៍ និងភស្តុភារ ដើម្បីបំពេញតម្រូវការរបស់កងកម្លាំងប្រដាប់អាវុធនៃប្រទេសផ្សេងៗ ដើម្បីបម្រើសេចក្តីត្រូវការនៃវិស័យការពារជាតិ និងការពារប្រជាជនចំពោះមុខរាល់បញ្ហាប្រឈមសន្តុសុខប្រពៃណី និងមិនប្រពៃណី”។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូចុចប៊ូតុងបើកការតាំងពិព័រណ៍ការពារជាតិវៀតណាមឆ្នាំ ២០២២ (រូបថត៖ Quang Trung/VOV) |
ថ្លែងមតិនៅទីនេះ នាយឧត្តមសេនីយ៍ លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិបានអះអាងថា វៀតណាមមានគោលការណ៍កសាងសក្ដានុពលការពារជាតិដ៏រឹងមាំគ្រប់គ្រាន់ ដើម្បីលើកកំពស់សមត្ថភាពការពារមាតុភូមិ ហើយទន្ទឹមនឹងនោះ បំពេញនូវការទទួលខុសត្រូវ និងកាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់ផងដែរ។ កងទ័ពប្រជាជនវៀតណាមមានបំណងជំរុញសមាហរណកម្មអន្តរជាតិ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយប្រទេសទាំងអស់ ជាពិសេសក្នុងវិស័យឧស្សាហកម្មការពារជាតិដោយគោលបំណងសន្តិភាព។
ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២ មានព្រឹត្តិការ ណ៍ជាច្រើន។ លើសពីនេះ ក៏មានកន្លែងតាំងបង្ហាញនូវព្រឹត្តិការណ៍សំខាន់ៗ របស់កងទ័ពប្រជាជនវៀតណាមក្នុងសម័យកាលប្រវត្តិសាស្ត្រនីមួយៗ ដែលផ្សាភ្ជាបើនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងទីតាំងណែនាំវប្បធម៌ម្ហូបអាហារវៀតណាមផងដែរ៕