លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងសុន្ទរកថាក្នុងពិធី (រូបថត៖ Duong Giang/TTXVN) |
ពិធីនេះត្រូវបានប្រារព្ធឡើងជាលក្ខណៈថ្នាក់ជាតិ ដោយផ្សាភ្ជាប់នឹងខួបលើកទី ៧៧ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤- ២២ ធ្នូ ២០២១) និងខួបលើកទី ៣២ នៃទិវាការពារជាតិរបស់ប្រជាជនទាំងមូល (២២ ធ្នូ ១៩៨៩-២២ ធ្នូ ២០២១)។ ពិធីនេះ បានប្រារព្ធធ្វើឡើងក្នុងគោលបំណងគោរពនិងឧទ្ទិសកុសលជូនចំពោះគុណូបការៈរបស់នាយឧត្តមសេនីយ៍ ក្នុង បុព្វហេតុតស៊ូរំដោះប្រទេសជាតិ ការបង្រួបបង្រួមជាតិ និងការកសាងនិងការពារមាតុប្រទេស។
អញ្ជើញចូលរួម និងថ្លែងមតិនៅពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗក្នុងសកម្មភាពបដិវត្តន៍ជាង ៨០ ឆ្នាំ របស់នាយឧត្តមសេនីយ៍ Vo Nguyen Giap ដែលបានផ្សារភ្ជាប់ជាមួយនឹងបុព្វហេតុតស៊ូរំដោះជាតិ ការកសាង និងការពារមាតុភូមិ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា អគ្គមេបញ្ជាការដំបូង នៃកងទ័ពប្រជាជនវៀតណាម គឺជាបុរសយោធាដ៏ឈ្លាសវៃ ជាអ្នកដឹកនាំដែលមានកិត្យានុភាពដ៏ធំធេងរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម។
“លោកបានរាប់រងទំនួលខុសត្រូវដ៏ធំធេងកាលទើបមានអាយុ ៣៧ ឆ្នាំប៉ុណ្ណោះ; ប៉ុន្តែ ដោយមានឆន្ទៈនិងថាមពលដ៏វិសេសវិសាល ការតស៊ូឥតឈប់ឈរ នាយឧត្តមសេនីយ៍បានបញ្ចប់ភារកិច្ចប្រកបដោយជោគជ័យ សក្តិសមជាទីទុកចិត្តរបស់បក្ស លោកប្រធានហូជីមិញនិងប្រជាជនវៀតណាមវីរៈភាព។ ជាមួយនឹងរយៈពេល ៣០ ឆ្នាំក្នុងឋានៈជាអគ្គមេ
បញ្ជាការកងទ័ព លេខាគណៈកម្មាធិការយោធាបក្សមជ្ឈិម ឧត្តមសេនីយ៍គឺជាអ្នកយោធាឈ្លាសវៃ ជាអ្នកដឹកនាំដែលមានកិត្យានុភាពដ៏ធំធេងរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានប្រគល់កិត្តិយសជា “រៀមច្បង” នៃកងទ័ពប្រជាជនវៀតណាម។ ក្នុងរបត់ប្រវត្តិសាស្ត្រនៃបដិវត្តន៍វៀតណាម នាយឧត្តមសេនីយ Vo Nguyen Giap បានរួមចំណែកដល់ជ័យជំនះដ៏អស្ចារ្យ ក្លាយជាឧត្តមសេនីយរឿងព្រេងនិទាន ជាទេពកោសល្យខាងយោធា ... និងទទួលបានការកោតសរសើរ គោរពដោយប្រមុខរដ្ឋ អ្នកនយោបាយ អ្នកប្រាជ្ញ និងប្រជាជនជាច្រើនជុំវិញពិភពលោក។
ទិដ្ឋភាពនៃពិធី (រូបថត៖ VOV) |
តាមលោកនាយករដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ Vo Nguyen Giap គឺជាបុគ្គលដែលបានរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតកងទ័ពប្រជាជនវៀតណាមដ៏មានឥទ្ធិពល ចំណាន និងកាន់តែទំនើបឡើង។ លោកក៏ជាអ្នកដែលមានគុណូបការៈយ៉ាងធំធេងក្នុងការបង្កើតនិងអភិវឌ្ឍន៍ទ្រឹត្តីយោធាវៀតណាមក្នុងសម័យហូជីមិញ។
ចំណេះដឹងនិងទេពកោសល្យខាងយោធារបស់នាយឧត្តមសេនីយ៍ ត្រូវបានពិភពលោកកោតសរសើរ និងគោរពថាជាមេទ័ពដ៏ល្បីម្នាក់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
អញ្ជើញបញ្ជាក់ច្បាស់អំពីភារកិច្ចការពារមាតុភូមិរបស់កងទ័ពប្រជាជនវៀតណាមក្នុងស្ថានភាពថ្មី លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “លើកតម្កើងប្រពៃណីដ៏រុងរឿងរបស់កងទ័ពវីរភាព តាមគំរូរបស់នាយឧត្តមសេនីយ Vo Nguyen Giap កម្មាភិបាល យុទ្ធជនទូទាំងប្រទេស មានភក្តីភាពចំពោះមាតុភូមិ បក្ស រដ្ឋ ប្រជាជន និងរបបសង្គមនិយម ដោយប្តេជ្ញាអនុវត្តន៍ ដោយជោគជ័យនូវមុខងាររបស់កងទ័ព តែងតែជាកម្លាំងនយោបាយពិសេស ជាកម្លាំងប្រយុទ្ធដ៏ស្មោះត្រង់ ជាកម្លាំងស្នូល និងប្រជាជនទាំងមូល ដើម្បីការពារមាតុភូមិសង្គមនិយមវៀតណាមយ៉ាងរឹងមាំជានិច្ច”។
នាព្រឹកមិញនេះដែរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូបានទៅទស្សនាការតាំងពិពណ៌អំពីជីវិតនិងអាជីពរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap ផងដែរ៕