ទិដ្ឋភាពនៃសម័យប្រជុំរដ្ឋាសភា (រូបថត៖ TTXVN) |
សម័យប្រជុំលើកទី ១០ ត្រូវបានធ្វើឡើងតាមរយៈ ២ ដំណាក់កាល រួមមាន៖ ដំណាក់កាលទី ១ តាមប្រព័ន្ធវីដេអូ (ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ ខែតុលា); ដំណាក់កាលទី ២ ការប្រជុំបានប្រមូលផ្តុំគ្នានៅរដ្ឋធានីហាណូយ (ពីថ្ងៃទី ២ ដល់ ១៧ ខែវិច្ឆិកា)។ នៅក្នុងសម័យប្រជុំនេះ រដ្ឋសភាបានពន្លឿនការអនុវត្តបច្ចេកវិទ្យាក្នុងគ្រប់សកម្មភាព ចាប់ពីការចុះឈ្មោះសមាជិកសភា ការជជែកដេញដោល ទៅដល់ការបោះឆ្នោត ដែលរួមចំណែកជួយលើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពរបស់រដ្ឋសភា។ ទន្ទឹមជាមួយគ្នានោះ រដ្ឋសភាបានចំណាយពេលបីថ្ងៃសម្រាប់ពិភាក្សាពីស្ថានភាពសេដ្ឋកិច្ច - សង្គម។ លោក Phung Quoc Hien អនុប្រធានរដ្ឋសភាបានវាយតម្លៃថា៖ “ជាទូទៅ ខ្លឹមសារដែលបានលើកមកពិភាក្សាគឺផ្តោតលើបញ្ហាដែលអ្នកបោះ ឆ្នោតយកចិត្តទុកដាក់បំផុត។ ហេតុដូច្នេះ បរិយាកាសពិភាគ្សាប្រកបដោយភាពស្មោះត្រង់និងមានទំនួលខុសត្រូវ។ សមាជិកសភាបានវាយតម្លៃខ្ពស់ចំពោះទិសដៅយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាលនិងការប្តេជ្ញាចិត្តជាឯកច្ឆ័ន្ទនៃប្រព័ន្ធនយោបាយទាំងមូល ក្នុងការអនុវត្តន៍នូវវិធានការណ៍ជាច្រើន ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។ រហូតមកដល់ពេលនេះ ជំងឺរាតត្បាតត្រូវបានគ្រប់គ្រង ហើយសេដ្ឋ កិច្ចក៏ត្រូវបានស្តារឡើងវិញជាបណ្តើរៗ សង្គមមានស្ថេរភាពនិងការពារសន្តិសុខជាតិត្រូវបានរក្សាយ៉ាងរឹង មាំ”។
លើវិស័យនីតិប្បញ្ញត្តិ រដ្ឋសភាបានចំណាយពេល ៧ ថ្ងៃសម្រាប់ពិភាក្សាអំពីការបង្កើតច្បាប់ ដែលស្រូបយក ៣៧% នៃពេលវេលាសរុបរបស់កិច្ចប្រជុំ។ លោក Nguyen Truong Giang អគ្គលេខាធិការរងរដ្ឋសភាបានលើកមតិថា៖ “ក្នុងការងារកសាងច្បាប់ រដ្ឋសភាបានពិចារណានិងអនុម័តលើគម្រោងច្បាប់ចំនួន ៧ ផ្តល់ មតិលើគម្រោងច្បាប់ចំនួន ៤ និងអនុម័តលើសេចក្តីសម្រេចចិត្តចំនួន ៣។ ក្នុងចំណោមគម្រោងច្បាប់ទាំង ៧ ដែលមានច្បាប់ស្តីពីការការពារបរិស្ថាន ច្បាប់ស្តីពីការដោះស្រាយរំលោភបំពានរដ្ឋបាល។ ក្នុងចំណោមដំណោះស្រាយទាំង ៣ មានដំណោះស្រាយស្តីពីការអភិវឌ្ឍការប្រើប្រាស់ដីធ្លីនៃការពារជាតិនិងសន្តិសុខនិងសេចក្តីសម្រេចចិត្តរបស់អាជ្ញាធរទីក្រុងហូជីមិញដែលជាចំណុចគួរឱ្យកត់សម្គាល់”។
សម័យប្រជុំលើកទី ១០ នៃរដ្ឋសភានីតិកាលទី ១៤ បានចំណាយពេល ពីរថ្ងៃកន្លះ ដើម្បីសួរដេញដោលសមា ជិករដ្ឋាភិបាល ហើយសមាជិករដ្ឋាភិបាលសឹងតែទាំងអស់បានចូលរួមឆ្លើយសំនួរដេញដោលផងដែរ។
សូមគូសបញ្ជាក់ថា សម័យប្រជុំលើកទី ១០ គឺជាសម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី ១៤។ សកម្មភាពនៅឯសាលប្រជុំនានានៃរដ្ឋសភា បានបង្ហាញយ៉ាងច្បាស់នូវការខិតខំរបស់រដ្ឋាភិបាល ក្នុងទិសដៅការងារដឹកនាំនិងការទទួលខុសត្រូវរបស់សមាជិកសភា ក្នុងការឃ្លាំមើលនិងត្រួតពិនិត្យ។ ទាំងអស់នេះបានបង្កើតកម្លាំងចលករថ្មីសម្រាប់ប្រទេសជាតិ បន្តការអភិវឌ្ឍប្រកបដោយស្ថិរភាពនៅក្នុងអាណត្តិបន្តខាងមុខ៕