រូបភាពនេះដកស្រង់ពី ព្រឹត្តិបត្រព័ត៌មាន របស់ទូរទស្សន៍ជាតិថៃ (រូបថត៖ អ្នកសារព័ត៌មាន/VOV-ថៃ) |
ក្នុងឱកាសនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃ និងចូលរួមបណ្តាកិច្ចប្រជុំនៃថ្នាក់ដឹកនាំសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី ២៩ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា នៅទីក្រុងបាងកក របស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រព័ន្ធផ្សព្វផ្សាយថៃបានចុះផ្សាយព័ត៌មាន និងអត្ថបទជាច្រើន ដោយបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យប្រវត្តិសាស្ត្រ ដែលគូសសញ្ញាសម្គាល់សំខាន់ថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ទូរទស្សន៍ជាតិថៃ និងវិទ្យុជាតិថៃ នៅថ្ងៃទី១៥ ខែវិច្ឆិកា បានផ្សាយព័ត៌មានថា នេះជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសថៃ របស់ថ្នាក់ដឹកនាំសំខាន់វៀត ណាម ក្រោយជំងឺរាតត្បាតកូវីដ ១៩។ ដំណើរទស្សនកិច្ចនេះ បញ្ជាក់ពីការប្ដេជ្ញារឹតចំណងសាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីភាពសម្បូររុងរឿងរួមនៃប្រទេសទាំងពីរ ហើយក៏ជាឱកាសសម្រាប់ប្រទេសទាំងពីរធ្វើការពិភាក្សា និងឯកភាពលើវិធានការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពីនយោបាយ-ការទូត សន្តិសុខ-ការពារជាតិ សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ដល់ការសម្របសម្រួលគោលជំហរនៅវេទិកាតំបន់ និងអន្តរជាតិ។
វិទ្យុជាតិថៃរាយការណ៍អំពីដំណើរទស្សនកិច្ច (រូបថត៖ អ្នកសារព័ត៌មាន/VOV-ថៃ) |
មុននេះ ទីភ្នាក់ងារសារព័ត៌មាន ThaiPBSWorld បានចុះផ្សាយអត្ថបទរបស់វិទ្យាករ Kavi Chongkittavorn ដែលមានចំណងជើងថា “អត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ទៅកាន់ប្រទេសថៃ” ដោយលើកឡើងពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ រួមចំណែកពង្រឹង និងលើកកំពស់ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ ឲ្យបានខ្លាំងក្លាថែមទៀត។ អត្ថបទវាយតម្លៃ ថា វៀតណាមជាកម្លាំងចលករអភិវឌ្ឍន៍សំខាន់របស់អនុតំបន់មេគង្គ ជាពិសេសក្នុងយន្តការសហប្រតិបត្តិការ និងជំរុញការដោះស្រាយរាល់បញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងអនុតំបន់ ដើម្បីជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយវិបុលភាពក្នុងតំបន់៕