ប្រព័ន្ធផ្សព្វផ្សាយចិនយកចិត្តទុកដាក់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម

Chia sẻ

(VOVWORLD) - ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលបានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីប្រព័ន្ធផ្សព្វផ្សាយចិន ជាមួយនឹងអត្ថបទសរសេរជាច្រើន ដែលក្នុងនោះសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះគឺជាការបន្តប្រពៃណី ហើយនឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្ដែងជាងមុន។

ប្រព័ន្ធផ្សព្វផ្សាយចិនយកចិត្តទុកដាក់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម - ảnh 1ប្រព័ន្ធផ្សព្វផ្សាយចិនយកចិត្តទុកដាក់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម។ (រូបថត៖ Bich Thuan/ VOV ប៉េកាំង)

នៅព្រឹកថ្ងៃទី១៨ ខែសីហា ព័ត៌មានអំពីលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទៅកាន់ទីក្រុងក្វាងចូវ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួ និងទីភ្នាក់ងារសារព័ត៌មានសំខាន់ៗជាច្រើនរបស់ចិន។

មុននោះ បន្ទាប់ពីប្រទេសទាំងពីរបានប្រកាសអំពីដំណើរទស្សនកិច្ចនេះ ទីភ្នាក់ងារសារព័ត៌មានចិនជាច្រើនបានចុះផ្សាយអត្ថបទជាច្រើនស្ដីអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ និងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ នៅក្នុងអត្ថបទមួយដែលបានចុះផ្សាយនៅថ្ងៃទី ១៧ ខែសីហា កាសែត Beijing Daily បានដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន ដោយសង្កត់ធ្ងន់ថា "ការដែលលោកអគ្គលេខាបក្ស តូ ឡឹម បានជ្រើសរើសប្រទេសចិនជាប្រទេសដំបូងគេ ដែលលោកទៅបំពេញទស្សនកិច្ចបន្ទាប់ពីចូលកាន់តំណែងនោះ បានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ចិននិងវៀតណាម”។

ក្នុងពេលជាមួយគ្នានោះ លោកស្រី Nie Huihui ជាអ្នកទទួលបន្ទុកគម្រោងវៀតណាមនៅវិទ្យាស្ថានអាស៊ីអាគ្នេយ៍និងអូសេអានី នៃសភាបណ្ឌិត្យទំនាក់ទំនងអន្តរជាតិសហសម័យចិន បានចាត់ទុកថា បន្ទាប់ពីចូលកាន់តំណែង អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានប្រកាសម្តងហើយម្តងទៀត អំពីការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយចិន ដោយសង្កត់ធ្ងន់ថា ការអភិវឌ្ឍទំនាក់ទំនងជាមួយចិន គឺជាគោលជំហរដ៏ខ្ជាប់ខ្ជួន ជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ លោកស្រីបានអត្ថាធិប្បាយថា “ទំនាក់ទំនងចិន-វៀតណាមនឹងបន្តស្ថិតស្ថេរនិងប្រសើរឡើង”។

ប្រព័ន្ធផ្សព្វផ្សាយចិនយកចិត្តទុកដាក់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម - ảnh 2(រូបថត៖ Bich Thuan/ VOV ប៉េកាំង)

ចំណែកឯកាសែត Xinmin Evening News របស់ទីក្រុងសៀងហៃ បានបញ្ជាក់ថា ពីសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន អាចឃើញកម្រិតខ្ពស់ សារៈសំខាន់ និងភាពទូលំទូលាយនិងស៊ីជម្រៅនៃកិច្ចពិភាក្សា និងកិច្ចប្រជុំនានា នៅក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ។ អត្ថបទបានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសចិនដែលបញ្ជាក់ថា៖ "ប្រទេសចិនសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះ នឹងបន្តពង្រីកចំណងមិត្តភាពជាប្រពៃណី និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម"ផងដែរ។ អត្ថបទក៏បានប្រៀបធៀបប្រទេសវៀតណាមទៅនឹង "ផ្កាយ" មួយ នៅពេលដែលចាប់ពីឆ្នាំ ២០២៣ មក ប្រមុខនៃសហរដ្ឋអាមេរិក ចិន និងរុស្ស៊ីសុទ្ធតែបានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម៕

ប្រតិកម្មទៅវិញ