អត្ថបទនេះត្រូវបានបង្ហោះនៅលើ Yicai វេទិកាព័ត៌មានហិរញ្ញវត្ថុ និងអាជីវកម្មឈានមុខគេរបស់ប្រទេសចិន។ អត្ថបទបានសរសេរថា “យោងតាមតួរលខថ្មីបំផុតដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅនៃប្រទេសវៀតណាម ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមបានកើនឡើង ៦,៤២% អត្រាកំណើនបានប្រសើរឡើង និងជាលទ្ធផលល្អបើធៀបនឹងតួលេខឆ្នាំថ្មីៗនេះ”។ “និន្នាការងើបឡើងវិញនៃសេដ្ឋកិច្ចវៀតណាម គឺលើសពីការរំពឹងទុករបស់រដ្ឋាភិបាលវៀតណាម”។
នៅឆមាសទីមួយនៃឆ្នាំ ២០២៤ ផលិតផលក្នុងស្រុកសរុប - GDP របស់វៀតណាមបានកើនឡើង ៦,៤២% ។ រូបភាព៖ VOV |
អត្ថបទបានពន្យល់ថា ឈានចូលឆ្នាំ២០២៤ តម្រូវការពីដៃគូពាណិជ្ជកម្មធំៗរបស់វៀតណាម ដូចជាអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានកើនឡើង ដែលជំរុញសេដ្ឋកិច្ចវៀតណាម។ ទន្ទឹមនឹងការកើនឡើងនៃតម្រូវការខាងក្រៅ ការវិនិយោគពីបរទេសក៏បង្កើនល្បឿនលំហូរមូលធនចូលវៀតណាមផងដែរ។ យោងតាមទិន្នន័យពីការិយាល័យស្ថិតិទូទៅនៃប្រទេសវៀតណាមបានឱ្យដឹងថា ក្នុងឆមាសទីមួយនៃឆ្នាំនេះ វៀតណាមបានទាក់ទាញទុនវិនិយោគបរទេសជិត ១៥,២ពាន់លានដុល្លារអាមេរិក កើនឡើង ១៣,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើគណនាតាមគម្រោងវិនិយោគ គម្រោងថ្មីរបស់ចិនជាប់ចំណាត់ថ្នាក់លេខ ១ ដែលមានចំនួន ២៩,១% នៃគម្រោងវិនិយោគបរទេសសរុបនៅក្នុងប្រទេសវៀតណាមក្នុងឆមាសទីមួយនៃឆ្នាំនេះ។
លោក Zhu Sixin នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃវិទ្យាស្ថានសិក្សាអន្តរជាតិសៀងហៃ នៅពេលឆ្លើយបទសម្ភាសរបស់ Yicai បានវាយតម្លៃថា សេដ្ឋកិច្ចរបស់ប្រទេសចិន និងវៀតណាមមានការរីកចម្រើនខ្លាំង។ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យបច្ចេកវិជ្ជាខ្ពស់បន្តកាន់តែស៊ីជម្រៅ បង្កើតបរិយាកាសកាន់តែទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕