អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping។ រូបថត៖ Quang Trung/VOV |
ប្រព័ន្ធផ្សព្វផ្សាយចិន និងអន្តរជាតិនាថ្ងៃទី ១៣ ធ្នូ បន្តផ្សព្វផ្សាយព័ត៌មានជាច្រើនអំពីជំនួបពិភាក្សាការងាររវាងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។ ទីភ្នាក់ងារសារព័ត៌មាន Xinhua, Global Times (ទីភ្នាក់ងារបញ្ចេញមតិរបស់មជ្ឈឹមគណៈកម្មាធិការបក្សកុម្មុយនិស្តចិន) និង ChinaDaily សុទ្ធតែបានផ្សាយព័ត៌មាន និងរូបថតអំពីជំនួបពិភាក្សា និងដំណើរទស្សនកិច្ច ព្រមទាំងផ្ដោតលើយថាទស្សន៍ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្រោយពីដំណើរទស្សនកិច្ចនេះ។ក្នុងព័ត៌មានចុះផ្សាយអំពីជំនួបពិភាក្សារវាងអគ្គលេខាបក្សលោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping នារសៀលថ្ងៃទី ១២ ខែធ្នូ ទូរទស្សន៍មជ្ឈឹមចិនដកស្រង់ប្រសាសន៍របស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនដោយសម្ដែងសេចក្ដីសប្បាយរីករាយដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាមឡើងវិញ ក្រោយរយៈពេល ៦ ឆ្នាំ ក៏ដូចជាគូសបញ្ជាក់ពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ ព្រមទាំងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់ភាគីវៀតណាម។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua និង People's Daily អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានបង្ហាញទំនុកចិត្តថាជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងឈានចូលដំណាក់កាលថ្មី ជាមួយទំនុកចិត្តនយោបាយខ្ពស់ជាង កិច្ចសហប្រតិបត្តិការសន្តិសុខជាក់ស្ដែងជាង កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ដូចគ្នាស៊ីជម្រៅជាង គាំទ្រគ្នាយ៉ាងខ្លាំងក្លាជាងរបស់ប្រជាជន កិច្ចសហប្រតិបត្តិការពហុភាគីជិតស្និទ្ធជាង និងដោះស្រាយភាពខុសគ្នាឲ្យបានប្រសើរឡើង។ បុព្វហេតុកសាងសង្គមនិយមរបស់ប្រទេសទាំងពីរ បន្តសម្រេចបានសមិទ្ធិផលថ្មីៗ ហើយរួមវិភាគទានថ្មីទៅក្នុងស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាពរបស់តំបន់ និងពិភពលោក។
ទន្ទឹមនឹងនោះ គេហទំព័រ Nikkei Asia របស់ជប៉ុន បានចុះផ្សាយអត្ថបទអំពីដំណើរទស្សនកិច្ច ដោយលើកឡើងថា អគ្គលេខាបក្ស លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនបានឯកភាពគ្នាថា ប្រទេសទាំងពីរនឹងកសាង"សហគមន៍ចែករំលែកអនាគត" និងពង្រឹងទំនាក់ទំនងទ្វេភាគី។
ទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុន និងទីភ្នាក់ងារសារព័ត៌មាន AFP, Reuters, Bloomberg Financial Times, South China Morning Post បានផ្សាយព័ត៌មានអំពីកិច្ចពិភាក្សា និងការដែលវៀតណាមនិងចិនឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យផងដែរ៕