ប្រធានរដ្ឋសភា Vuong Dinh Hue និងប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo (រូបថត៖ quochoi.vn) |
ក្នុងជំនួបនេះ លោកប្រធានាធិបតី Joko Widodo បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ីរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ក្នុងឱកាសរំលឹកខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូនេស៊ី (២០១៣-២០២៣) ដែលបានជួយបង្កើតកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការអភិវឌ្ឍកាន់តែស៊ីជម្រៅ និងជាក់ស្តែង។ លោកប្រធានាធិបតី Joko Widodo បានសង្កត់ធ្ងន់ថា ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឥណ្ឌូនេស៊ី-វៀតណាម មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទៀតផង។
រីឯខ្លួនវិញ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូយុទ្ធសាស្ត្រជាមួយឥណ្ឌូណេស៊ី ដោយចាត់ទុកថា រដ្ឋសភានៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីជំរុញទំនាក់ទំនងសភា និងមានបំណងចង់លើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្ពស់ថ្មី។
ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នាខិតខំនាំយកទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ជាង ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៨ និងឆ្ពោះទៅរកទិសដៅដែលមានតុល្យភាពជាងមុន (កាលពីឆ្នាំមុន ចំណូលពាណិជ្ជកម្មទ្វេភាគីឈានដល់ជិត ៨ ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក)។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋសភាបានពាំនាំនូវប្រសាសន៍របស់អគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញប្រធានាធិបតីឥណ្ឌូនេស៊ីមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗខាងមុខ៕