ប្រធានរដ្ឋសភាវៀតណាម៖ បញ្ញវន្តឆ្នើមគឺជាគំរូដ៏ភ្លឺស្វាងដែលបំផុសគំនិតក្នុងសង្គម

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ សីហា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមវិទ្យាសាស្ត្រ និង បច្ចេកទេសវៀតណាមបានរៀបចំពិធីលើកតម្កើងបញ្ញវន្តឆ្នើមខាងវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាលើកទី ៥ សម្រាប់បញ្ញវន្តឆ្នើមចំនួន ១៣៥ នាក់នៅក្នុងនិងក្រៅប្រទេស។

ប្រធានរដ្ឋសភាវៀតណាម៖ បញ្ញវន្តឆ្នើមគឺជាគំរូដ៏ភ្លឺស្វាងដែលបំផុសគំនិតក្នុងសង្គម - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន។ (រូបថត៖ quochoi.vn)
អញ្ជើញថ្លែងក្នុងពិធីនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា ក្នុងប្រវត្តិសាស្រ្តនៃការកសាង និងការពារប្រទេសជាតិ បញ្ញវន្តតែងតែ ត្រូវបានចាត់ទុកថា ជាធនធានជាតិ និងជាកម្លាំងដ៏សំខាន់សម្រាប់ការអភិវឌ្ឍរបស់ ប្រទេសជាតិនិងប្រជាជន។ ដូច្នេះ ការលើកតម្កើងបញ្ញវន្តឆ្នើមមិនត្រឹមតែទទួលស្គាល់ ការរួមវិភាគទានរបស់ជួរបញ្ញវន្តប៉ុណ្ណោះទេ ថែមទាំងរីកសាយភាយគំរូដ៏ភ្លឺស្វាង ដែល បំផុសគំនិតសម្រាប់សង្គមទៀតផង។
ប្រធានរដ្ឋសភាវៀតណាម៖ បញ្ញវន្តឆ្នើមគឺជាគំរូដ៏ភ្លឺស្វាងដែលបំផុសគំនិតក្នុងសង្គម - ảnh 2ទិដ្ឋភាពពិធីលើកតម្កើងបញ្ញវន្តឆ្នើមខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលើកទី ៥។ (រូបថត៖ quochoi.vn) 
លោកប្រធានរដ្ឋសភាបានធ្វើអត្ថាធិប្បាយថា សកលភាវូបនីយកម្មថ្ងៃនេះជួយ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមធ្វើសមាហរណកម្មនិងធ្វើអន្តរកម្មជាមួយវិទ្យា សាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការសិក្សា រៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍ និងក្រេបយកសមិទ្ធិផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អន្តរជាតិផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រការនេះក៏បង្កបញ្ហាប្រឈមថ្មីៗជាច្រើន នៅពេលដែលផលិតផលវិទ្យាសាស្ត្រ បច្ចេកវិទ្យាបរទេស បានជ្រៀតចូលទីផ្សារ ក្នុងស្រុកដោយឥតឈប់ឈរ បង្កើតឱ្យមានការប្រកួតប្រជែងយ៉ាងខ្លាំង ហើយធ្វើឲ្យ កើតឡើងបញ្ហាថ្មីៗពាក់ព័ន្ធដល់កម្មសិទ្ធិបញ្ញា ការរក្សាសិទ្ធិ ជាដើម។ បរិបទនោះតម្រូវ ឱ្យជួរបញ្ញវន្តវៀតណាមត្រូវមានចំណេះដឹងថ្មី ការត្រិះរិះបែបវិទ្យាសាស្ត្រ ដែលផ្សាភ្ជាប់ ជាមួយនឹងដំណោះស្រាយជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ដើម្បីនាំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ លោកប្រធាន រដ្ឋសភាបានសង្កត់ធ្ងន់ថា៖
“សម្ព័ន្ធសមាគមវិទ្យាសាស្ត្រនិងបច្ចេកទេសវៀតណាម ជាមួយនឹងប្រពៃណី សាមគ្គីភាព ត្រូវពង្រីកលទ្ធផលដែលសម្រេចបាន បន្តជាកត្តាស្នូលក្នុងការប្រមូលផ្តុំ និងពង្រីកភាពច្នៃប្រឌិតរបស់ជួរបញ្ញវន្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងស្រុក និងបរទេស ជំរុញនិងលើកកំពស់គុណភាពនៃចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ និងកិច្ចការបរទេស”៕

ប្រតិកម្មទៅវិញ