ប្រធានរដ្ឋសភាលោក ត្រីន ថាញ់ មិន និងប្រធានសភាជាន់ទាបម៉ាឡេស៊ី Tan Sri Dato' Johari Bin Abdul (រូបថត៖ Lam Hien/daibieunhandan.vn) |
នាយប់ថ្ងៃទី២៣ ខែតុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រីន ថាញ់ មិន បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Tan Sri Dato' Johari Bin Abdul។ បន្ទាប់ពីពិធីទទួលស្វាគមន៍ ភាគីទាំងពីរបានដំណើរការកិច្ចពិភាក្សា។
ក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក ត្រីន ថាញ់ មិន បានអះអាងថា វៀតណាមវាយតម្លៃខ្ពស់និងមានបំណងចង់ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយម៉ាឡេស៊ី ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងមានប្រសិទ្ធភាព សំដៅលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតខ្ពស់ថ្មីមួយ។
ប្រធានរដ្ឋសភា លោក ត្រីន ថាញ់ មិន បានចាត់ទុកថា ប្រទេសទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ បច្ចេកវិទ្យា ទេសចរណ៍ ពាណិជ្ជកម្ម និងថាមពល ដោយហេតុនេះពង្រីកទំហំពាណិជ្ជកម្មរបស់ភាគីនីមួយៗ។ ពោលគឺ ភាគីទាំងពីរនឹងនាំមកនូវទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៨ ពាន់លានដុល្លារនាពេលឆាប់ៗខាងមុខ។
ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ប្រធានរដ្ឋសភាវៀតណាមលោក ត្រីន ថាញ់ មិន បានវាយតម្លៃខ្ពស់ចំពោះទស្សនៈនិងគោលនយោបាយរបស់ម៉ាឡេស៊ីក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរត្រូវសម្របសម្រួលជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងការរក្សាគោលជំហរបស់អាស៊ាន លើបញ្ហាសមុទ្រខាងកើត ជំរុញការអនុវត្តយ៉ាងពេញលេញ នូវសេចក្តីថ្លែងការស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC); ចរចាអំពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ៕