ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបញ្ចប់ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ |
នាថ្ងៃទី ២៦ មិថុនា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយប្រធានរដ្ឋសភាកម្ពុជាសម្ដេចហេង សំរិន បានបញ្ចប់ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ មិថុនាឆ្នាំ២០១៧ តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាកម្ពុជាសម្ដេចហេង សំរិនបានជួបចរចាជាមួយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបសម្ដែងការគួរសមអគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានរដ្ឋលោក Tran Dai Quang ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Hoang Trung Hai ទទួលជួបសន្ទនាជាមួយប្រធានសមាគមមិត្តភាព វៀតណាម កម្ពុជា និងចួលរួមសកម្មភាពមួយចំនួនទៀត។
នៅបណ្ដាជំនួបនេះ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ ជំនួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពរក្សាទំនាក់ទំនងតាមរយៈកាណាល់កិច្ចការបរទេសរបស់បក្ស ការទូតរដ្ឋ ទំនាក់ទំនងរវាងប្រជាជន ជំរុញដោយឥតឈប់ឈរនូវបណ្ដាសកម្មភាពមិត្តភាព និងជំរុញកិច្ចការឃោសនា អប់រំប្រពៃណីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជាសម្រាប់ប្រជាជនគ្រប់ស្រទាប់ ជាពិសេសគឺយុវជនជំនាន់ក្រោយៗ។ ភាគីទាំងពីរក៏បានពិភាក្សាលើបញ្ហា អន្តរជាតិ និងតំបន់ដែលមានការយកចិតទុកដាក់ដូចគ្នា៕