ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញថ្លែងសុន្ទរកថានៅរដ្ឋសភាជប៉ុន។ (រូបថត៖ VNA) |
ក្នុងសុន្ទរកថា លោកប្រធានរដ្ឋ Vo Van Thuong បានសង្កត់ធ្ងន់ថា ប្រការដែលចងភ្ជាប់ប្រទេសទាំងពីរវៀតណាមនិងជប៉ុន គឺភាពស្រដៀងគ្នាខាងវប្បធម៌ ប្រវត្តិសាស្ត្រ មនុស្ស និងប្រពៃណីនៃការផ្លាស់ប្តូរដ៏រឹងមាំរវាងប្រជាជននៃប្រទេសទាំងពីរក្នុងអំឡុងពេលរាប់ពាន់ឆ្នាំ។ ក្រឡែកមើលឡើងវិញនូវទំនាក់ទំនងទ្វេភាគីក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក លោកប្រធានរដ្ឋបានអះអាងថា ជប៉ុនជាដៃគូសំខាន់របស់វៀតណាមលើគ្រប់វិស័យ; វៀតណាមមិនអាចបំភ្លេចការជួយឧបត្ថម្ភរបស់ជប៉ុនក្នុងគ្រាលំបាកនោះទេ។ លោកប្រធានរដ្ឋក៏បានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម-ជប៉ុនមានការអភិវឌ្ឍយ៉ាងល្អប្រសើរដូចសព្វថ្ងៃ គឺអាស្រ័យដោយមានការរួមវិភាគទានដ៏ធំធេងរបស់បណ្ដាជំនាន់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
និយាយអំពីសេចក្ដីថ្លែងការណ៍រួមដែលលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ដ៏សំខាន់នេះបានបើកជំពូកថ្មីក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន៖
“ក្របខណ្ឌទំនាក់ទំនងថ្មីអនុញ្ញាតឱ្យយើងលើកកម្រិត និងពង្រីកកិច្ចសហប្រតិបត្តិការ មិនត្រឹមតែក្នុងទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងលើបញ្ហាតំបន់និងសកលផងដែរ។ មិនត្រឹមតែលើវិស័យប្រពៃណីប៉ុណ្ណោះទេ ថែមទាំងលើវិស័យសហប្រតិបត្តិការថ្មីៗដូចជា៖ ការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ថាមពលស្អាត ការធ្វើបរិវត្តកម្មឌីជីថល ការវិនិយោគផ្ទាល់ពីបរទេសបៃតង ហិរញ្ញវត្ថុបៃតង ODA ជំនាន់ថ្មី ស្របតាមស្មារតីវៀតណាម - ជប៉ុនរួមដំណើរគ្នា ឆ្ពោះទៅអនាគត ឈានដល់ពិភពលោក”។
តាមលោកប្រធានរដ្ឋ ប្រទេសទាំងពីរត្រូវអនុវត្តន៍ក្របខណ្ឌទំនាក់ទំនងថ្មីដោយមានការត្រិះរិះថ្មី ទិសដៅថ្មី របៀបធ្វើថ្មី ហើយលោកបានស្នើការពង្រឹង ៦ ចំណុច រួមមាន៖ ពង្រឹងទំនុកចិត្តនយោបាយ; ពង្រឹងការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរវៀតណាម-ជប៉ុន; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ; ពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលស្អាត ថាមពលកកើតឡើងវិញ ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ; ពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលនៅវេទិកាពហុភាគី និងតំបន់។ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានចាត់ទុកថា ការលើកកំពស់ទំនាក់ទំនងទ្វេភាគីក្នុងដំណើរបំពេញទស្សនកិច្ចនេះ បានបំពេញសេចក្តីប្រាថ្នា និងបម្រើផលប្រយោជន៍ជាក់ស្តែង និងជាក់លាក់របស់ប្រជាជនជាង ២០០លាននាក់នៃប្រទេសទាំងពីរ៕