ពិធីទទួលស្វាគមន៍ប្រធានរដ្ឋលោក Vo Van Thuong នៅអាកាសយានដ្ឋានអន្តរជាតិ San Francisco។ (រូបថត៖ Thong Nhat/TTXVN) |
កាលពីព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមក ដល់អាកាសយានដ្ឋានអន្តរជាតិ San Francisco សហរដ្ឋអាមេរិក ចាប់ផ្តើមដំណើរ ទស្សនកិច្ចចូលរួមសប្តាហ៍កំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ( APEC) ឆ្នាំ ២០២៣ ហើយគួបផ្សំនឹងការបំពេញសកម្មភាពទ្វេភាគីនៅ សហរដ្ឋអាមេរិកតាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋ
អាមេរិកលោក Joe Biden។
តាមកម្មវិធី ក្នុងក្របខ័ណ្ឌនៃសប្តាហ៍កិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២៣ ប្រធានរដ្ឋ លោក Vo Van Thuong នឹងចូលរួមជាមួយថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ច APEC ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗចំពោះសេដ្ឋកិច្ចពិភពលោក និងតំបន់; កំណត់ ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងវិស័យជាច្រើនទៀត។ វៀតណាមនឹងចូលរួមជាមួយ សមាជិកដទៃទៀត ជំរុញលើកកម្ពស់ស្មារតីនៃកិច្ចសន្ទនា ការស្ថាបនា ការទទួល ខុសត្រូវ ការលើកកម្ពស់ពហុភាគីនិយម រួមគ្នាសហការនិងធ្វើសកម្មភាពដើម្បីការ អភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃតំបន់។
តាមការគ្រោងទុក ក្នុងកម្មវិធី ប្រធានរដ្ឋលោក Vo Van Thuong នឹងអញ្ជើញ ចូលរួម និងថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលធុរកិច្ច (CEO Summit); ចូលរួមការ សន្ទនារវាងថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ច APEC ជាមួយដៃគូ និងភ្ញៀវកិត្តិយស; ចូលរួម កិច្ចប្រជុំកំពូលក្របខណ្ឌសេដ្ឋកិច្ចមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក... លោកប្រធានរដ្ឋក៏ នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ច APEC ថ្នាក់ដឹកនាំប្រទេស និងអង្គការអន្តរជាតិនានា ដែលចូលរួមក្នុងសប្តាហ៍នៃកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២៣ ផងដែរ។
សម្រាប់សកម្មភាពទ្វេភាគី ប្រធានរដ្ឋ លោក Vo Van Thuong នឹងមានជំនួបជា មួយថ្នាក់ដឹកនាំអាមេរិក; ចូលរួមនិងថ្លែងសុន្ទរកថា ពិភាក្សាអំពីគោលនយោបាយនៅ ក្រុមប្រឹក្សាសហរដ្ឋអាមេរិកស្តីពីទំនាក់ទំនងកិច្ចបរទេស (CFR); ចូលរួមកិច្ចប្រជុំតុមូល តភ្ជាប់សហគ្រាស និងតំបន់អំពីបច្ចេកវិទ្យាខ្ពស់។ លោកប្រធានរដ្ឋក៏នឹងជួបជាមួយ មេដឹកនាំនៃក្រុមហ៊ុន និងសាជីវកម្មឈានមុខរបស់សហរដ្ឋអាមេរិកមួយចំនួន ផងដែរ៕