ប្រធានរដ្ឋវៀតណាមទទួលជួបឯកអគ្គរដ្ឋទូតប៉ូឡូញ អេស្ប៉ាញ បង់ក្លាដែស និងម៉ូសំប៊ិក

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ២៩ មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញទទួលឯកអគ្គរដ្ឋទូតនៃប្រទេសប៉ូឡូញ អេស្បាញ និងបង់ក្លាដែស ដែលមកជូនសារតាំង និងទទួលឯកអគ្គរដ្ឋទូតម៉ូសំប៊ិក មកជម្រាបលាបញ្ចប់អាណត្តិបេសកកម្ម។

ទទួលជួបឯកអគ្គរដ្ឋទូតប៉ូឡូញ លោក Aleksander Surdej ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរចាំបាច់ត្រូវបន្តជំរុញការជួបប្រាស្រ័យ និងផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់; ជំរុញការអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់។ បច្ចុប្បន្នប៉ូឡូញជាដៃគូពាណិជ្ជកម្មលេខ ១ របស់វៀតណាមនៅតំបន់អឺរ៉ុបកណ្តាល-ខាងកើត ហើយវៀតណាមជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់ប៉ូឡូញនៅអាស៊ីអាគ្នេយ៍។ លោកប្រធានរដ្ឋមានបំណងចង់ឲ្យប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មបន្ថែមទៀត។ ទន្ទឹមនឹងនោះ គឺជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល ទេសចរណ៍ វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជនផងដែរ។

ទទួលជួបឯកអគ្គរដ្ឋទូតអេស្ប៉ាញ លោកស្រី Carmen Cano De Lasala លោកប្រធានរដ្ឋ Vo Van Thuong បានសម្ដែងគោលបំណងថា ភាគីទាំងពីរនឹងរឹតបន្តឹងទំនុកចិត្តផ្នែកនយោបាយ និងបន្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ ដោយឈរលើមូលដ្ឋាននៃទំហំពាណិជ្ជកម្មទ្វេភាគីជិត ៤ពាន់លានដុល្លាអាមេរិក ដែលធ្វើឱ្យអេស្ប៉ាញក្លាយជាដៃគូដ៏សំខាន់របស់វៀតណាមក្នុងសហភាពអឺរ៉ុប (EU) ហើយវៀតណាមក៏ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អេស្ប៉ាញនៅអាស៊ីអាគ្នេយ៍ផងដែរ។ ជាមួយនឹងប្រៀបខ្លាំងរបស់អេស្ប៉ាញក្នុងវិស័យបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ វៀតណាមមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការអេស្ប៉ាញក្នុងវិស័យនេះ។

ទទួលជួបឯកអគ្គរដ្ឋទូតបង់ក្លាដែស លោក Mohammad Lutfor Rahman លោកប្រធានរដ្ឋ Vo Van Thuong បានស្នើឲ្យប្រទេសទាំងពីរជំរុញទំនាក់ទំនងកិច្ចការបរទេស និងនយោបាយឲ្យកាន់តែជិតស្និទ្ធ។ លោកប្រធានរដ្ឋបានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេច ដើរតួជាស្ពានសម្រាប់បង់ក្លាដែសដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសអាស៊ីអាគ្នេយ៍នានា ហើយមានបំណងថាបង់ក្លាដែសនឹងគាំទ្រគោលជំហររួមលើបញ្ហានានារបស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍។

ទទួលឯកអគ្គរដ្ឋទូតម៉ូសំប៊ិក លោក Leonardo Pene មកជម្រាបលាបញ្ចប់ អាណត្តិបេសកកម្ម លោកប្រធានរដ្ឋ Vo Van Thuong បានស្នើឲ្យភាគីទាំងពីរបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយ; ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។ លោកប្រធានរដ្ឋបានស្នើឲ្យម៉ូសំប៊ិក បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាមនៅម៉ូសំប៊ិក៕

ប្រតិកម្មទៅវិញ