ប្រធានរដ្ឋលោក Nguyen Xuan Phuc ទទួលជួបជាមួយសហគ្រាសឈានមុខគេមួយចំនួនរបស់ស្វីស

Chia sẻ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅស្វីស ក្នុងអំឡុងពេលថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ម៉ោងក្នុងស្រុក នៅទីក្រុង Bern ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយថ្នាក់ដឹកនាំសហគ្រាសស្វីសឈានមុខគេមួយចំនួនលើវិស័យ៖ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មធុនធ្ងន់ បច្ចេកវិទ្យាខ្ពស់ អគ្គិសនី និងឱសថដូចជា ABB, Novatis...ជាដើម។

ប្រធានរដ្ឋលោក Nguyen Xuan Phuc ទទួលជួបជាមួយសហគ្រាសឈានមុខគេមួយចំនួនរបស់ស្វីស - ảnh 1

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ថ្លែងក្នុងជំនួបជាមួយអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ នាយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (រូបថត៖ TTXVN)

នាថ្ងៃទី ២៧ ខែវិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន DKSH Group ជាសហគ្រាសឈានមុខគេរបស់ស្វីស ដែលកំពុងផ្តល់សេវាកម្មអភិវឌ្ឍន៍ទីផ្សារសម្រាប់ក្រុមហ៊ុនចង់អភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួននៅវៀតណាម ហើយកំពុងបង្កើតការងារប្រមាណ ៥០០០ កន្លែងនៅវៀតណាម។ លោកប្រធានបានស្នើឲ្យសម្ព័ន្ធក្រុមនេះបន្តវិនិយោគលើការផលិតនៅវៀតណាម ក៏ដូចជាជំរុញការនាំចេញនាពេលខាងមុខ។

ក្រៅពីនោះ នៅក្នុងបណ្តាជំនួប លោកប្រធានរដ្ឋ Nguyen Xuan Phuc បានមានប្រសាសន៍ថា នៅឯកិច្ចប្រជុំ COP ២៦ កន្លងមក វៀតណាមបានប្តេជ្ញាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់សុទ្ធរបស់ខ្លួនឱ្យនៅត្រឹមសូន្យត្រឹមឆ្នាំ ២០៥០ តាមនោះ វៀតណាម ផ្តោតលើថាមពលស្អាត ថាមពលកកើតឡើងវិញ ដូចជា ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ជាពិសេសថាមពលខ្យល់នៅឆ្នេរសមុទ្រ។ ដូច្នេះ វៀតណាមចង់ឲ្យក្រុមហ៊ុនស្វីសផ្តោតសំខាន់លើវិស័យនេះ។

លោកប្រធានរដ្ឋវៀតណាម  Nguyen Xuan Phuc បានអះអាងថា វៀតណាមកំពុងត្រូវការការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីតភ្ជាប់តំបន់សេដ្ឋកិច្ច ហើយចង់ឱ្យសហគ្រាសស្វីសមកបណ្តាក់ទុននៅវៀតណាមក្នុងវិស័យនេះ។ លោកប្រធានរដ្ឋក៏ចង់ឱ្យធុរកិច្ចស្វីសមានសំឡេង ដើម្បីឲ្យរដ្ឋាភិបាលស្វីសអាចឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អឺរ៉ុប (EFTA) ក្នុងពេលឆាប់ៗនេះ។ នេះក៏ជាប្រការ ដែលអាជីវកម្មស្វីសចង់បាននិងគាំទ្រផងដែរ។

លោកប្រធានរដ្ឋបានវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់សហគ្រាសស្វីសដល់វៀតណាមក្នុងការផ្ទេរបច្ចេកវិទ្យាសម្រាប់ផលិតវ៉ាក់សាំង និងថ្នាំនៅវៀតណាម។ វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចស្វ៊ីសក្នុងការបណ្តាក់ទុនជាមួយសហគ្រាសវៀតណាម៕

ប្រតិកម្មទៅវិញ