ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Abdullah Shalid (រូបថត៖ Thong Nhat/TTXVN) |
នៅក្នុងជំនួបទាំងនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានបញ្ជាក់ថា វៀតណាមតែងតែគោរពជានិច្ចនិងគាំទ្រតួនាទីជាមជ្ឈមណ្ឌលរបស់អង្គការសហប្រជាជាតិក្នុងប្រព័ន្ធអភិបាលកិច្ចពិភពលោក សំដៅឆ្លើយតបទៅនឹងបញ្ហាប្រឈមនិងក្តីសង្ឃឹមរួមដ៏ធំនាពេលបច្ចុប្បន្ននេះ ក៏ដូចជាមានបំណង ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយអង្គការសហប្រជាជាតិ។ លោកប្រធានរដ្ឋមានប្រសាសន៍ថា វៀតណាមកំពុងខិតខំប្រឹងប្រែងប្រើកម្លាំងទាំងអស់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ដោយដាក់សុវត្ថិភាពនិងសុខភាពប្រជាជនជាចម្បង។ ទន្ទឹមនឹងនេះ លោកបានស្នើឱ្យអង្គការសហប្រជាជាតិបន្តជួយឧបត្ថម្ភវៀតណាមក្នុងពេលខាងមុខនេះ ជាពិសេសក្នុងយុទ្ធនាការចាក់វ៉ាក់សាំងឲ្យបានទូលំទូលាយជូនប្រជាជន។
ក្នុងការពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិ ភាគីនានាបានសង្កត់ធ្ងន់ថា ត្រូវបន្តពង្រឹងពហុភាគីនិយមដោយមានអង្គការសហប្រជាជាតិដើរតួនាទីជាមជ្ឈមណ្ឌល និងពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ ភាគីនានាបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអាស៊ានលើកកម្ពស់តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាតំបន់និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាននិងបណ្តាប្រទេសពាក់ព័ន្ធ ក្នុងការថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ដោយគោរពច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូបថត៖ Thong Nhat/TTXVN) |
ចំណែកលោកប្រធានមហាសន្និបាតនិងអគ្គលេខាធិការអង្គការសហប្រជាជាតិបានឲ្យដឹងថា ពួកគេមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមនិងបានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងឋានៈដែលកំពុងកើនឡើងរបស់វៀតណាមនៅក្នុងតំបន់និងលើឆាកអន្តរជាតិ។
ដោយចែករំលែកនូវការលំបាកដែលវៀតណាមកំពុងប្រឈមមុខនឹងរលកនៃជំងឺកូវីដ -១៩ បង្កឡើង អគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់ថា អង្គការសហប្រជាជាតិតែងតែនៅក្បែរជានិច្ច រួមដំណើរនិងគាំទ្រវៀតណាមក្នុងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្រោយវិបត្តិជំងឺរាតត្បាត៕