ប្រធានាធិបតីអាមេរិកលោក Joe Biden (ខាងស្តាំ) បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin (រូបថត៖ BBC) |
យោងតាមសេចក្តីប្រកាសរបស់សេតវិមានបានបញ្ជាក់ថា ថ្នាក់ដឹកនាំទាំងពីររូបនេះ បានពិភាក្សាគ្នាអំពីបញ្ហាតំបន់និងសកលលោកមួយចំនួន រួមមានគោលបំណងរបស់សហរដ្ឋអាមេរិកនិងរុស្ស៊ីក្នុងការប្រកាន់ខ្ជាប់នូវការសន្ទនាគ្នាអំពីស្ថិរភាពយុទ្ធសាស្ត្រលើបញ្ហាគ្រប់គ្រងអាវុធ និងសន្តិសុខដោយផ្អែកលើការ ពន្យាពេលសម្រាប់សន្ធិសញ្ញាត្រួតពិនិត្យអាវុធយុទ្ធសាស្ត្រថ្មី (New START)។
ប្រធានាធិបតី Biden បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារផលប្រយោជន៍របស់ជាតិខ្លួននៅចំពោះមុខ សកម្មភាពរបស់រុស្ស៊ី ហើយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងប្តូរផ្តាច់របស់អាមេរិកចំពោះអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អ៊ុយក្រែនផងដែរ។ លោក Biden ក៏បានសម្តែងការព្រួយបារម្ភអំពីការបង្កើនយោធារបស់រុស្ស៊ីនៅក្នុងឧបទ្វីប Crimea និងតំបន់ព្រំដែនជាប់អ៊ុយក្រែន ព្រមទាំងអំពាវនាវឱ្យរុស្ស៊ីកាត់បន្ថយភាពតានតឹងផងដែរ៕