ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ (ស្តាំ) និងបេក្ខជនប្រជាធិបតេយ្យលោក ចូបៃដិន (រូបថត៖ AFP) |
នាថ្ងៃទី ២៣ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) បានប្រកាសថា លោកបានអនុញ្ញាតឱ្យ ប្រធានរដ្ឋបាលចាត់ចែងកិច្ចការទូទៅ (General Services Administration) គឺលោកស្រី Emily Murphy ដើម្បីរៀបចំដំណើរការផ្ទេរអំណាចទៅឲ្យរដ្ឋបាលបេក្ខជនប្រធានាធិបតីអាមេរិកលោក Joe Biden ទោះបីជាលោក ដូណាល់ត្រាំ នៅតែបន្តតវ៉ាផ្នែកច្បាប់ចំពោះលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី ៣ ខែវិច្ឆិកាក៏ដោយ។ មុននោះ GSA ក៏បានប្រាប់លោក Joe Biden ថា លោកអាចចាប់ផ្តើមជាផ្លូវការនូវដំណើរការផ្ទេរអំណាចផងដែរ។
នៅថ្ងៃដដែលនោះ លោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យ បានប្រកាសបញ្ជីមុខតំណែងសំខាន់ៗជាច្រើនសម្រាប់គណៈរដ្ឋមន្រ្តីថ្មីរបស់លោក។ លោក Biden បានមានប្រសាសន៍ថា លោក Alejandro Mayoircas អតីតអនុរដ្ឋមន្រ្តីក្រសួងសន្តិសុខផ្ទៃប្រទេស នឹងត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងនេះ។ ចំណេះឯ លោកស្រី Avril Haines ដែលធ្លាប់បម្រើការជាទីប្រឹក្សារងផ្នែកសន្តិសុខជាតិរបស់អតីតប្រធានាធិបតី បារ៉ាក់អូបាម៉ា ត្រូវបានតែងតាំងជានាយិកាចារកម្ម ជាតិ។ អតីតរដ្ឋមន្រ្តីក្រសួងការបរទេស លោក John Kerry ត្រូវបានចាត់តាំងជាបេសកជនពិសេសរបស់ប្រធានាធិបតី ទទួលបន្ទុកវិស័យបម្រែបម្រួលអាកាសធាតុ ដែលជាតំណែងមួយនៅក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមានផងដែរ៕